លីគបាល់ទាត់កំពូលអឺរ៉ុបប្តឹង FIFA
លីគបាល់ទាត់កំពូលនៅអឺរ៉ុបរួមទាំង Premier League និងសហព័ន្ធកីឡាករបាល់ទាត់ពិភពលោក Fifpro នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងស្ថាប័នគ្រប់គ្រងពិភពលោក FIFA ជុំវិញការរំលោភបំពានលើការគ្រប់គ្រងរបស់ខ្លួន។ បាល់ទាត់អឺរ៉ុបដែលតំណាងឱ្យ៣៩លីគ និង ១១៣០ក្លិបក្នុង៣៣ ប្រទេសបាននិយាយថាខ្លួនកំពុងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការអឺរ៉ុបដើម្បីការពារសុខុមាលភាពរបស់កីឡាករ។ ការតវ៉ានេះបានកើតឡើងបន្ទាប់ពី FIFA បង្កើនការដាក់សម្ពាធមកលើលីគបាល់ទាត់ និងសហជីពកីឡាករ រួមទាំងសមាគមកីឡាករបាល់ទាត់អាជីព (PFA) ដោយបន្ថែមចំនួនប្រកួតអន្តរជាតិទៅក្នុងប្រតិទិន ដែលធ្វើឱ្យមានផលប៉ះពាល់ដល់កីឡាករ។
សេចក្តីថ្លែងការណ៍របស់ Fifpro បាននិយាយថា ប្រតិទិនប្រកួតអន្តរជាតិឥឡូវនេះហួសពីកម្លាំងកីឡាករ ធ្វើឱ្យវាមិនមាននិរន្តរភាពសម្រាប់ការប្រកួតក្នុងស្រុក និង ហានិភ័យសម្រាប់សុខភាពរបស់កីឡាករ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការសម្រេចចិត្តរបស់ FIFA ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺធ្វើដើម្បីតែផលប្រយោជន៍ពាណិជ្ជកម្មរបស់ខ្លួន មិនយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមស្ថាប័នគ្រប់គ្រង និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ចនៃលីគជាតិ និងសុខុមាលភាពរបស់កីឡាករ។ កាលពីខែឧសភា FIFA បានច្រានចោលការលើកឡើងដែលថា Fifpro និងសមាគមលីគពិភពលោកមិនត្រូវបានអោយចូលរួមពិគ្រោះលើគម្រោងធ្វើជាម្ចាស់ផ្ទះ Club World Cup ដែលមាន ៣២ ក្រុម។ Manchester City និង Chelsea ស្ថិតក្នុងចំណោមតំណាងអឺរ៉ុបទាំង១២នៅក្នុងព្រឹត្តិការណ៍ Club World Cup ដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិកចន្លោះពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៥។ការពង្រើកការប្រកួតនេះវានឹងធ្វើឱ្យប៉ះពាល់ការប្រកួតក្នុងស្រុកនិងសុខភាពកីឡាករ៕