UEFA ដាក់ទណ្ឌកម្មប្រទេសចំនួនប្រាំពីរ
សមាគមបាល់ទាត់ស៊ែប៊ី ក្រូអាស៊ី រ៉ូម៉ានី ស្លូវេនី អូទ្រីស ហុងគ្រី និងអាល់បានី សុទ្ធតែត្រូវបានដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាវិន័យ UEFA ។ ប្រភពដដែលបានឱ្យដឹងទៀតថា ប្រទេសទាំងង៧ ត្រូវបង់ប្រាក់សរុបជាង ២៥ម៉ឺនដុល្លារ។ការដាក់ទណ្ឌកម្មមានចាប់ពីការផាកពិន័យចំនួនជាង៥ម៉ឺនដុល្លារ និងការហាមឃាត់មិនឱ្យលក់សំបុត្រសម្រាប់ការប្រកួតក្រៅដីបន្ទាប់របស់ខ្លួន (ការប្រកួត Nations League នៅប្រទេសព័រទុយហ្គាល់នៅថ្ងៃទី៥ ខែកញ្ញា) ។ សម្រាប់ក្រូអាស៊ី រងពិន័យច្រើនជាងគេគឺ ៥៤០០០ដុល្លារ ដោយសារតែប្រព្រឹត្តទង្វើខុសក្រមសីលធម៌ដដែលៗនេះចំនួន៣លើក និងហាមមិនអោយលក់សំបុត្រការប្រកួតក្រៅទឹកដី ១ប្រកួតខណៈប្រទេសអូទ្រីស ត្រូវពិន័យ២១៧០០ដុល្លារ និងជាប់បម្រាមមិនអោយលក់សំបុត្រប្រកួតក្រៅដី២ឆ្នាំ។
ស្ថាប័នបាល់ទាត់អាល់បានីត្រូវបានពិន័យជាប្រាក់ចំនួន៣២៥០០ ដុល្លារ សម្រាប់ការប្រកាន់ពូជសាសន៍នៅក្នុងការប្រកួតចំនួន២ទល់ជាមួយក្រុមក្រូអាស៊ី និងអេស្ប៉ាញ។ ចំណែកឯប្រទេស រូម៉ានី ស៊ែប៊ី និងស្លូវេនី ក៏ត្រូវបានចោទប្រកាន់ពីបទដូចគ្នានេះដែរ។ រូម៉ានីត្រូវបានពិន័យជាប្រាក់ ៤៣៤០០ ដុល្លារ ខណៈស៊ែប៊ីនិងស្លូវេនី ត្រូវបង់ប្រាក់ដូចគ្នាគឺ ៣២៥០០ដុល្លារ។ ហុងគ្រីត្រូវបានពិន័យជាប្រាក់ចំនួន៣២៥០០ ដុល្លារ សម្រាប់ការប្រព្រឹត្តរើសអើងពូជសាសន៍របស់អ្នកគាំទ្រ៕