តើខ្សែប្រយុទ្ធរូបណាស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងរយៈពេល៤ឆ្នាំចុងក្រោយ?
ការស៊ុតបាល់បញ្ចូលទីវាមិនមែនជារឿងងាយស្រួលទេ ទោះបីខ្សែប្រយុទ្ធនោះពូកែយ៉ាងណាក៏ដោយ។ការទម្លាយសំណាញ់ទីបានមួយគ្រាប់ៗនោះ វាទាមទារអោយមានការសហការគ្នាយ៉ាងល្អ ជាពិសេសមិត្តរួមក្រុមនៅក្នុងតំបន់ប្រយុទ្ធនិងបម្រើតែម្តង។
យោងតាមស្ថិតិចេញផ្សាយដោយ Givemesport.com កាលពីថ្ងៃចន្ទទី២៩កក្កដា ២០២៤បានអោយដឹងថាចាប់ពីឆ្នាំ២០២០រហូតមកដល់ពេលនេះរយៈពេល៤ឆ្នាំ អតីតកីឡាករខ្សែប្រយុទ្ធ Kylian Mbappe បានកាន់កាប់កំណត់ត្រាស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងចំណោមខ្សែប្រយុទ្ធឆ្នើមជាច្រើននៅលើពិភពលោក។ ប្រភពដដែលនោះបានឱ្យដឹងទៀតថាកំណត់ត្រា៤ឆ្នាំ ខ្សែប្រយុទ្ធរបស់ Real Madrid បច្ចុប្បន្ននេះស៊ុតបញ្ចូលទីបាន ២១៣ គ្រាប់ក្នុង២៥២ប្រកួត គិតជាមធ្យមគឺ០,៨៥គ្រាប់ក្នុងមួយប្រកួត។
ចំណែកឯកីឡាករ Erling Haaland ឈរចំណាត់ថ្នាក់លេខ២ ស៊ុតបញ្ចូលទីបាន ២០៧គ្រាប់ទាំងក្នុងក្លឹប Dortmund និង Man City ក្នុង២១៨ប្រកួត ជាមធ្យមស្មើនឹង ០,៩៥គ្រាប់ក្នុងមួយប្រកួតនាំមុខខ្សែប្រយុទ្ធ Lewandowski (Bayern និងBarcelona) ស៊ុតបញ្ចូលទីបាន ២០៤គ្រាប់ក្នុង ២៤៣ប្រកួតស្មើនឹង០,៨៤គ្រាប់ក្នុងមួយប្រកួត។
ក្រៅពីនេះនៅមានកីឡាករ៦រូបផ្សេងទៀតគឺ Ronaldo (Juventus,Manchester United -AL-Nassr) ស៊ុតបញ្ចូលទីបាន ១៨៣គ្រាប់ ក្នុង ២៤២ប្រកួតស្មើនឹង ០,៧៦គ្រាប់ក្នុងមួយប្រកួតឈរចំណាត់ថ្នាក់លេខ៤ ។ លេខ៥ Harry Kane (Tottenham និងBayern ) ស៊ុតបាន ១៧៧គ្រាប់ក្នុង ២៥៦ប្រកួត។ ខ្សែប្រយុទ្ធ Messi (Barcelona, Paris SG,Inter Miami ) ស៊ុតបាន ១៥០គ្រាប់ ក្នុង ២២៦ប្រកួត(លេខ៦)។ ខ្សែប្រយុទ្ធ Benzema (Real Madrid និង Al-ittihad )ស៊ុតបាន ១៤២គ្រាប់ក្នុង២០៩ប្រកួត(លេខ៧) Mohamed Salah (Liverpool) ស៊ុតបាន ១៤១គ្រាប់ក្នុង ២៥១ប្រកួត។ (លេខ៨) Romelu Lukaku (ក្លឹបInter Chelsea និងRoma )ស៊ុតបាន១៣៣គ្រាប់ក្នុង២៣៦ប្រកួត(លេខ៩) និងទី ១០ បានទៅលើកីឡាករខ្សែប្រយុទ្ធ Lautaro Martinez ក្លឹប Inter ស៊ុតបាន១២៧គ្រាប់ក្នុង២៧២ប្រកួត៕