ពាន Super Cup ឆ្នាំ២០២៤ តើភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង ក្រុមមួយណាជាម្ចាស់ជើងឯក...?

Aug 2, 2024 - 10:19
Aug 2, 2024 - 13:42
 42
ចែករំលែកទៅកាន់

នាចុងសប្តាហ៍នេះ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់បើករដូវកាលថ្មី Krud Cambodian Super Cup ឆ្នាំ២០២៤ រវាងក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង  ប្រកួតតទល់នឹងការពារតំណែងឯកជើងឆ្នាំចាស់ ភ្នំពេញក្រោន វេលាម៉ោង១៨:០០ល្ងាច នាឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក។ 

មុននឹងការប្រកួតដ៏ជក់ចិត្តខាងលើនេះចាប់ផ្តើមលេងនៅថ្ងៃ០៤ ខែសីហា ឆ្នាំ២០២៤ ភ្នំពេញក្រោន ដែលជាក្រុមការពារតំណែងឯកពានរង្វាន់ Super Cup ហាក់បីជាមិនសូវទទួលបានលទ្ធផលល្អទ្បើយ អំទ្បុងពេលប្រកួត Pre-Season នៅក្នុងប្រទេសថៃ កាលពីកន្លងទៅថ្មីៗនេះពោលគឺ ៣ ប្រកួតរបស់ពួកគេបរាជ័យទាំងអស់។

ខុសប្លែកពីក្រុមព្រះខ័នរាជស្វាយរៀង ដែលជាក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup គឺពិតជាមានការៀបចំបានយ៉ាងល្អខ្លាំងមែនទែន។ ហើយអ្វីកាន់តែពិសេសនោះក្រុមដែលស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz បានយកឈ្នះលើក្រុមជើងខ្លាំងនៅប្រទេសទ្បាវ គឺ Young Elephants FC ទាំងពីរជើង (ក្រៅ និងក្នុងដី) នៅវគ្គជម្រុះ នៃពានរង្វាន់ Asean Club Championshsip (Shopee Cup 2024/2025)។ 

យ៉ាងណា ជុំវិញការប្រកួតខាងលើនេះ ក្រុមទាំងពីរប៉ះគ្នាជាច្រើនរួចមកហើយ ប៉ុន្តែកាលពីរដូវកាលមុន ក្រុមភ្នំពេញក្រោន មិនទាន់បានយកឈ្នះលើព្រះខ័នរាជស្វាយរៀងសូម្បីតែម្តងទ្បើយទាំងការប្រកួតលីគ និងពាន Hun Sen Cup។ ដូច្នេះសម្រាប់រដូវកាលថ្មីនេះ គឺជាជំនួបសងសឹកដ៏ក្ដៅគគុក ខណៈដែលក្រុមព្រះខ័នរាជស្វាយរៀងត្រូវការឈ្នះពានរង្វាន់មួយនេះមុនបើករដូវកាល និងជាក៏ការតេស្តសមត្ថភាពកីឡាករបរទេសដែលបាននាំចូលថ្មីៗផងដែរ។ ដូចនេះ យើងត្រូវរង់ចាំមើលថា៖ តើចុងសប្តាហ៍នេះ! ភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង ក្រុមណាជាម្ចាស់ជើងឯក Super Cup ឆ្នាំ២០២៤...?