Ronaldo វិនិយោគហ្គេមបាល់ទាត់៤០លានដុល្លារ
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបរទេស Insider Gaming ចេញផ្សាយកាលពីថ្ងៃពុធទី ៧ សីហា ២០២៤ បានឱ្យដឹងថាកំពូលតារាព័រទុយហ្គាល់ Cristiano Ronaldo បានបណ្តាក់ទុនចំនួន៤០លានដុល្លារទៅលើហ្គេមបាល់ទាត់ UFL ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១២ ខែកញ្ញា។
ហ្គេមនេះនឹងមាននៅលើវេទិកាកុងសូលជំនាន់ក្រោយ (XSX/XSS និង PS5)។ កាលពីមុន ហ្គេមនេះបានឆ្លងកាត់ការសាកល្បងដោយឥតគិតថ្លៃនៅចុងសប្តាហ៍ចាប់ពីថ្ងៃទី៧ខែមិថុនាដល់ថ្ងៃទី៩ខែមិថុនាដែលក្នុងអំឡុងពេលនោះវាត្រូវបានគេទាញយក (downloaded) ច្រើនជាង១,៥លានដង។ អ្នកអភិវឌ្ឍន៍ហ្គេម Strikerz Inc. កំណត់ហ្គេមនេះថាជាហ្គេមលេងដោយយុត្តិធម៌ដោយសង្កត់ធ្ងន់លើ ជំនាញដំបូងហើយធានាថានឹងមិនមានបញ្ហាការបង់ប្រាក់ដើម្បីឈ្នះដែលជាគោលការណ៍ស្នូលរបស់ពួកគេ។ លើសពីនេះទៀត Strikerz Inc. គ្រោងនឹងទាក់ទាញអ្នកលេង១៥លាននាក់ក្នុងរយៈពេល ១២ ខែ។
កាលពីមុន ការលេចធ្លាយប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីចំណាត់ថ្នាក់អ្នកលេងកំពូលទាំងដប់នៅក្នុងហ្គេម។ កីឡាករដែលត្រូវបានវាយតម្លៃក្នុងកំពូលទាំងដប់គឺ៖ Jude Bellingham, Kevin De Bruyne, Erling Haaland, Kylian Mbappe, Lionel Messi, Cristiano Ronaldo, Vinicius Junior, Frenkie de Jong, Kai Havertz, Harry Kane, Lautaro Martinez និង Conor Gallagher៕