Sheffield Wed ព្រមានអ្នកគាំទ្រមិនឱ្យចូលពហុកីឡដ្ឋាន

Aug 12, 2024 - 14:07
 15
ចែករំលែកទៅកាន់

ក្លឹប Sheffield Wednesday បានគំរាមហាមមិនឱ្យអ្នកគាំទ្ររូបណាពាក់អាវក្លែងក្លាយចូលទស្សនាការប្រកួតក្នុងរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់Tribuba កាលពីថ្ងៃអាទិត្យទី​១១ ខែសីហា ឆ្នាំ២០២៤។ Sheffield Wednesday បានប្រកាសថាអ្នកគាំទ្រដែលពាក់អាវក្លែងក្លាយនៅរដូវកាលនេះនៅពហុកីឡដ្ឋាន Hillsbrough អាចត្រូវបានស្នើសុំឱ្យចាកចេញដោយបញ្ជាក់ថាការទិញអាវក្លែងក្លាយអាច ប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្លឹប។

ក្លឹបក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងហាមមិនឱ្យមានការស្នើសុំលេខ ឬអក្សរនៅលើអាវក្លែងក្លាយពីហាងលក់ឈុតកីឡា megastore នៅកីឡដ្ឋានផងដែរ។ បម្រាមនេះបានកើតឡើង បន្ទាប់ពីអ្នកគាំទ្រកាន់តែច្រើនបានងាកទៅរកការទិញអាវក្លែងក្លាយ ដោយសារតែការចំណាយលើជីវភាពរស់នៅ គួបផ្សំនឹងឈុតអាវកីឡាបាល់ទាត់កាន់តែឡើងថ្លៃ។ ហាងលក់អនឡាញរបស់ Sheffield Wednesday លក់អាវដៃខ្លីសម្រាប់ឈុតក្នុងផ្ទះ ឬ ក្រៅផ្ទះមានតម្លៃជាង៨៧ដុល្លារ ខណៈពេលដែលអ្នកដែលចង់បានជម្រើសដៃវែងត្រូវចំណាយ៩៨ដុល្លារ។ គួររំឭកថាអ្នកគាំទ្រអង់គ្លេសបានចំណាយប្រាក់ជាង២,៥លានដុល្លារទិញអាវក្លែងក្លាយក្នុងអំឡុងពេលប្រកួតជើងឯកអឺរ៉ុបដែលធ្វើអោយក្រុមហ៊ុន Nike បានប៉ាន់ប្រមាណថាបានបាត់បង់ការលក់ ៨,៥លានដុល្លារ៕