ហេតុអ្វី Messi ចូលចិត្តដើរច្រើនជាងរត់ក្នុងពេលប្រកួត?

Aug 13, 2024 - 14:27
 28
ចែករំលែកទៅកាន់

ក្នុងចំណោមកីឡាករដែលមានល្បឿនលឿនបំផុតនៅលើវាលស្មៅ វាពិតណាស់ពុំមានឈ្មោះកីឡាកលំដាប់កំពូលពិភពលោកMessi ទេ។ផ្ទុយទៅវិញ Messi ចូលចិត្តដើរច្រើនជាងរត់ក្នុងអំឡុងពេលប្រកួត ដែលធ្វើអោយមនុស្សមួយចំនួនមានការមន្ទិលសង្ស័យយ៉ាងខ្លាំងរហូតទៅដល់ចោទជាសំណួរថាតើហេតុអ្វីបានជាគាត់ជ្រើសរើសយកវិធីនេះ?តើគាត់ខ្លាចហត់ឬ?

ជុំវិញនឹងបញ្ហានេះមានតែមនុស្ស២ប៉ុណ្ណោះដែលដឹងរឿងនេះច្បាស់។ ថ្លែងទៅកាន់ Clank Media និងរាយការណ៍ដោយគេហទំព័រ Goal ខ្សែប្រយុទ្ធ Messi បាននិយាយថានៅពេលខ្ញុំដើរ ខ្ញុំមានពេលគ្រប់គ្រាន់វិភាគទីតាំងរបស់គូប្រកួត របៀបដែលយើងឈរនៅពេលយើងមិនមានបាល់ជាប់ជើង វាអាចគេចផុតពីអ្នកដែលតាមចាប់យើងដោយាសារគេមិនចាប់អារម្មណ៍ និងអាចចាប់ផ្តើមវាយបកបានភ្លាមៗ។  

Messi បានបន្តថា ពេលខ្ញុំលេងនៅក្លឹប Newell's មានពីរទៅបីដងក្នុងមួយសប្តាហ៍ ពួកយើងត្រូវបានបញ្ជូនឱ្យរត់ជុំវិញពហុកីឡដ្ឋាន។ ខ្ញុំធ្លាប់រត់ពូននៅពីក្រោយដើមឈើ។ ការរត់ដោយគ្មានបាល់មិនមែនជារឿងរបស់ខ្ញុំទេ។ខ្ញុំមិនចាប់អារម្មណ៍ច្រើនទេចំពោះ GPS ស្ថិតិ ឬទិន្នន័យល្បឿន ខ្ញុំមិនដែលខ្វល់ថាខ្ញុំបានរត់ប៉ុន្មានគីឡូម៉ែត្រក្នុងការប្រកួតនោះទេ។

ចំណែកឯបុរសម្នាក់ទៀតដែលដឹងច្បាស់ពីមូលហេតុដែល Messi ចូលចិត្តដើរច្រើនក្នុងពេលប្រកួតគឺ Pep Guardiola អតីតអ្នកចាត់ការផ្ទាល់កីឡាករសញ្ជាតិអាមេរិកខាងត្បូងនៅ Barcelona និងជាគ្រូបង្វឹកល្អបំផុតក្នុងពិភពលោក។ 
ភ្នែកសម្លឹងទៅវីដេអូប្រកួតរបស់Messi លោកគឺ Pep Guardiola បាននិយាយថា គាត់កំពុងដើរ... នោះហើយជាអ្វីដែលខ្ញុំចូលចិត្តបំផុត គាត់មិនចេញពីបាល់ទាត់ទេ គាត់កំពុងចូលរួម។ គាត់កំពុងប្រើប្រាស់ក្បាលរបស់គាត់ ងាក ស្តាំ ឆ្វេង ឆ្វេង ស្តាំ ដើម្បីអោយដឹងច្បាស់ថានឹងមានអ្វីកើតឡើង ។

លោកបន្តថា គាត់មិនរត់ទេ ប៉ុន្តែគាត់តែងតែមើលអ្វីដែលកំពុងកើតឡើង។ គាត់កំពុងរកចំណុចខ្សោយនៅខាងក្រោយបួន។ បន្ទាប់ពីប្រាំឬដប់នាទីគាត់មានផែនទីនៅក្នុងភ្នែករបស់គាត់នៅក្នុងខួរក្បាលរបស់គាត់ដើម្បីដឹងច្បាស់ថាតើកន្លែងណានិងអ្វីដែលត្រូវធ្វើ។ ចំណែកឯអ្នកជំនាញបាននិយាយអំពីការដើររបស់ Messi ផងដែរថា ការដើរបែបនេះវាជួយគាត់ស្វែងរកចន្លោះប្រហោងគូប្រកួតបានងាយស្រួលហើយមួយវិញទៀតវាអាចជួយគាត់មិនសូវចំណាយថាមពលច្រើនអាចបន្តអាជីពលេងបាល់បានយូរតទៅមុខទៀត៕