ហេតុអ្វីបានជាកីឡាករបាល់ទាត់បារាំងម្នាក់អត់ទទួលបានមេដាយ?
អ្នកចាំទី Theo de Parcin បានសម្រក់ទឹកភ្នែកបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិអេស្ប៉ាញកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ ទឹកភ្នែកដែលស្រក់ហូរមកនេះ ក៏ដោយសារតែគាត់គឺជាកីឡាករតែម្នាក់គត់ក្នុងក្រុមជម្រើសជាតិU23របស់បារាំង ដឹកនាំដោយគ្រូបង្វឹក Thierry Henry ដែលមិនបានឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។
ខណៈពេលដែលមិត្តរួមក្រុមរបស់គាត់ទទួលបានមេដាយប្រាក់បន្ទាប់ពីការបរាជ័យក្នុងម៉ោងបន្ថែម៥-៣ក្រោមថ្វីជើងក្រុមអេស្ប៉ាញនៅឯកីឡដ្ឋាន Parc des Princes អ្នកចាំទីមកពីក្លឹប Auxerreជួបសំណាងអាក្រក់ក្លាយជាឆ្កែចចកក្នុងក្រុមមិនបានទទួលមេដាយដូចកីឡាករដទៃទៀតនោះទេ បើទោះជាគាត់ឡើងលើវេទិកាក៏ដោយ។មិនបានទទួលមេដាយក៏ដោយសារតែគាត់មិនត្រូវបានលោកHenry ដាក់ចូលលេងសូម្បីតែមួយនាទីក្នុងយុទ្ធនាការប្រកួតកីឡអូឡាំពិករដូវក្តៅនេះ។ យោងតាមច្បាប់ FIFA មាត្រា៣១.១ដែលត្រូវបានគេស្គាល់តិចតួច បានចែងថា កីឡាករដែលមានសិទ្ធិទទួលបានមេដាយមាស ប្រាក់ឬ សំរឹទ្ធ លុះត្រាតែបានចូលប្រកួត ទោះក្នុងឋានៈជាកីឡាករចូលជំនួសក៏ដោយ៕