ហេតុអ្វីមានស្នាមប្រឡាក់លើអាវកីឡាករ Rangers អំឡុងពេលប្រកួត?
ការប្រកួតវគ្គជម្រុះ Champions League ជុំទី៣ជើងទី២រវាងក្លឹប Rangers និង Dynamo Kyiv មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនៅលើទីលានប្រកួតប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានចាប់អារម្មណ៍ស្នាមប្រឡាក់នៅលើអាវរបស់កីឡាករផងដែរ ។
អ្នកគាំទ្របានសង្កេតឃើញកីឡាករ Rangers ពាក់អាវរបស់ពួកគេមានស្នាមប្រឡាក់នៅលើដើមទ្រូងគ្នាដូចៗគ្នា។តើវាប្រឡាក់ដោយចៃដន្យឬ? តើវាមានន័យយ៉ាងណា? តាមពិតទៅវាមិនមែនជាស្នាមប្រឡាក់ដោយចៃដន្យទេ ប៉ុន្តែវាទំនងជាកើតចេញពីបុគ្គលិកបង្វឹកណែនាំឱ្យកីឡាករលាបប្រេងមេនថុល (Menthol) នៅតំបន់ដើមទ្រូង នៃអាវរបស់ពួកគេដើម្បីជួយបំបាត់ការតឹងច្រមុះ។ នេះមិនត្រឹមតែជួយដល់ការដកដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់ការផ្តោតអារម្មណ៍របស់ពួកគេក្នុងពេលប្រកួតផងដែរ។
ប្រេងក្រមួនដូចគ្នានេះត្រូវបានគេប្រើជាញឹកញាប់ដើម្បីបន្ថយការឈឺសាច់ដុំ។ វាជាទម្លាប់ធម្មតាក្នុងចំណោមក្រុមជាច្រើន ដោយសារវាមានប្រយោជន៍ជួយឱ្យកីឡាករដកដង្ហើមបានស្រួលក្នុងអំឡុងពេលប្រកួត។
គួររំឭកថា ការប្រកួតជើងទី២ ក្លឹប Dynamo បានយកឈ្នះRangers២-០ ធ្វើអោយលទ្ធផលសរុបទាំងពីរជើង ៣-១ មានកៅអីមួយឡើងទៅជុំបន្ទាប់ត្រូវជួបជាមួយ Salzburg៕