គ្រូកម្ពុជាថាស្រីលង្កាមិនមែនដូចពីមុនទ្បើយ
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា លោក Félix Dalmás បាននិយាយថាស្រីលង្កាមិនមែនដូចពីមមុនទ្ប់ើយ ដែលធ្លាប់លេងប៉ះកាលពី ៨ ឆ្នាំមុន។ ការលើកទ្បើងបែបនេះរបស់បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះ ដោយសារតែក្រុមជម្រើសជាតិស្រីលង្កា បានកោះហៅកីទ្បាករបរទេសចូលសញ្ជាតិជាតិ និងកូនកាត់រហូតដល់ ១៥ នាក់ សម្រាប់ប្រកួតជម្រុះទល់នឹងកម្ពុជា ក្នុងពានរង្វាន់ AFC Asian Cup 2027 Saudi Arabia Play off ហើយប្រកួតជើងទី ១ ធ្វើទ្បើងនៅឯកីទ្បដ្ឋាន Racecourse ក្នុងទីក្រុងកូឡំបូ ប្រទេសស្រីលង្កា នាថ្ងៃទី០៥ ខែកញ្ញា និងជើងទី ២ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
យ៉ាងណា មុនពេលក្រុមជម្រើសជាតិទាំងពីរខាងលើនេះប៉ះគ្នា ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Félix Dalmás បាននិយាយថា៖ «សូមអរគុណស្រីលង្កា ដែលបានទទួលពួកយើងបានយ៉ាងល្អ ពួកយើងរីករាយដែលបានមកទីនេះ។ សម្រាប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងស្រីលង្កា ពួកយើងកំពុងតែប្រកួតជាមួយនឹងក្រុមស្រីលង្កាថ្មីនិងខុសប្លែកដែលកីទ្បាករភាគច្រើនគឺមកពីអឺរ៉ុប។ ដូច្នេះពួកយើងមិនអាចប្រៀបធៀបក្រុមស្រីលង្កានេះជាមួយនឹងស្រីលង្កាពីមុនដែលយើងធ្លាប់ប្រកួតជាមួយនោះទេ។ ទាំងនោះហើយជាមូលហេតុដែលពួកយើងត្រូវការការគាំទ្ររបស់អ្នកគាំទ្រទាំងអស់គ្នាសម្រាប់ការប្រកួតបន្ទាប់នេះ!!! អ្នកជាកីទ្បាករទី ១២!!»។
គួររំលឹកថា ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ២ លើករួចមកហើយ ពោលគឺការប្រកួតមិត្តភាពអន្តរជាតិក្នុងឆ្នាំ ២០០១ ស្រីលង្កា បានឈ្នះកម្ពុជា ១-០ និងឆ្នាំ ២០១៦ កម្ពុជា បានយកឈ្នះស្រីលង្កា ៤-០ វិញ។ ដោយទ្បែក សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ស្រីលង្កា ឈ្នះ១ ស្មើ២ និងចាញ់២ដង ហើយកម្ពុជា ឈ្នះ១ ស្មើ០ និងចាញ់៤ដង។ បើនិយាយពី FIFA Ranking វិញ កម្ពុជា ឈរនៅលេខរៀងទី ១៨០ ហើយស្រីលង្កា ២០៥៕