កៅអីគ្រូ Félix Dalmás កាន់តែទ្បើងកម្តៅ ក្រោយប្រកួតស្មើស្រីលង្កាយប់មិញ
កៅអីគ្រូបង្វឹករបស់លោក Félix Dalmás ដែលកំពុងអង្គុយនៅក្នុងក្រុមជម្រើសជាតិកម្ពុជា កំពុងទ្បើងកម្តៅកាន់តែខ្លាំង ក្រោយពីដឹកនាំក្រុមស្មើគ្នា 0-0 ជាមួយនឹងក្រុមជម្រើសជាតិស្រីលង្កា ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2027 Saudi Arabia Play off នាការប្រកួតជើងទី ១ កាលពីយប់មិញ។ លទ្ធផលបែបនេះបានធ្វ់ើឱ្យអ្នកគាំទ្ររបស់ក្រុមគោព្រៃកម្ពុជាដាក់សម្ពាធកាន់តែខ្លាំងទៅលើការដឹកនាំក្រុមរបស់បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ ឆ្នាំខាងលើនេះ និងបានព្រមានពីការដើរចេញលែងគាំទ្រក្រុមបាល់ទាត់មួយនេះតទៅទៀត ប្រសិនបើសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC មិនមានចំណាត់ការលើគ្រូបង្វឹករូបនេះទេនោះ។
ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចុះនូវប្រជាប្រិយភាពជាខ្លាំង ចាប់តាំងពីលោក Félix Dalmás ចូលមកដឹកនាំក្រុម ខណៈដែល ១១ ប្រកួតចុងក្រោយ ក្រុមជម្រើសជាតិកម្ពុជា ឈ្នះបានតែ ២ ប្រកួតប៉ុណ្ណោះ ពោលគឺស្មើ ៣ និងចាញ់ ៦ ប្រកួត។ ក្រុមជម្រើសជាតិមួយនេះដែលធ្លាប់តែធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោរកញ្ជ្រៀវអំឡុងពេលប្រកួត ប្រែមកជាស្ងប់ស្ងាត់ និងបាត់អស់នូវទំនុកចិត្តពេលប្រកួតជាមួយដៃគូម្ដងៗ។
ជាមួយគ្នានេះ អ្នកវិភាគបាល់ទាត់ក្នុងស្រុក ក៏ដូចជាអ្នកគាំទ្រមួយចំនួនយល់ថា ប្រសិនបើលទ្ធផលបែបនេះបន្តទៅមុខទៀត ក្រុមជម្រើសជាតិកម្ពុជា អាចនឹងប្រឈមបាត់បង់ការគាំទ្រពីទស្សនិក និងអ្នកគាំទ្រខ្លួនផ្ទាល់ ព្រោះតែទម្រង់លេងរបស់ក្រុមធ្វើឱ្យពួកគេមិនសប្បាយចិត្ត ហើយនៅទីបំផុត ក្រុមនឹងក្លាយជាក្រុមជម្រើសជាតិមួយបាត់ថាមពលអ្នកគាំទ្រមិនខាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកវិភាគបាល់ទាត់ក្នុងស្រុក ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើលោក Félix Dalmás មិនអាចជួយឱ្យក្រុមជម្រើសជាតិឆ្លងផុតវគ្គជម្រុះពានរង្វាន់ខាងលើនេះ រូបលោកនឹងត្រូវបណ្តេញចេញពីតួនាទីភ្លាមៗតែម្តង។
គួររំឭកដែរថា បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីការប្រកួតវគ្គជម្រុះបឋម FIFA World Cup ឆ្នាំ ២០២៦ ដោយសារប្រកួតចាញ់ប៉ាគីស្ថាន ១-០ ជើងទី ២ លោក Félix Dalmás ត្រូវបានរិះគន់យ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិ រហូតទទូចឱ្យលោកចុះចេញពីតំណែងជាគ្រូបង្វឹកនេះទៀតផង។ ដូច្នេះហើយ ជោគវាសនាកៅអីតំណាងគ្រូបង្វឹករបស់លោក Félix Dalmás នឹងកំណត់នៅក្នុងប្រកួតជើងទី ២ ទល់នឹងស្រីលង្កា នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ៕