គ្រូភ្នំពេញក្រោន​ ធ្លាប់លម្អិតពីករណីកូនក្រុមរបស់លោក បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិ

Sep 12, 2024 - 10:39
Sep 12, 2024 - 10:47
 270
ចែករំលែកទៅកាន់
ត្រលប់ទៅដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពីខ្សែប្រយុទ្ធ លឹម ពិសុទ្ធ រងនូវការរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់អ្នកគាំទ្របាល់ទាត់កម្ពុជា នៅលើបណ្តាញសង្គម ក្រោយពីបង្ហាញទម្រង់លេងមិនបានល្អ ក៏ដូចជាមិនអាចជួយឱ្យក្រុមឆ្លងផុតវគ្គចែកពូលបាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ កន្លងមក។ បញ្ហាខាងលើនេះ ក៏មិនខុសគ្នាប៉ុន្មាននោះដែរ កាលពីថ្មីៗនេះ បន្ទាប់ពីរូបគេមិនអាចជួយឱ្យក្រុមឆ្លងផុតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧។

ជាការពិតណាស់ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ខាងលើនេះ ក្រៅពីគ្រូបង្វឹក​ លោក Félix Dalmás ខ្សែប្រយុទ្ធ លឹម ពិសុទ្ធ របស់ក្លិបភ្នំពេញក្រោន ក៏ទទួលរងនូវការរិះគន់ឥតសំចៃមាត់ពីអ្នកគាំទ្រលើបណ្តាញសង្គមផងដែរ ជាពិសេសទម្រង់លេងរបស់រូបគេហាក់បីជាមិនល្អទ្បើយ ពោលគឺខុសប្លែកគ្នាពីការលេងនៅក្លិប និងជម្រើសជាតិ។

យ៉ាងណា បើ់ត្រលប់ទៅដើមខែមករា ឆ្នាំ២០២៤ លោក Oleg Starynskyi បានថ្លៃងប្រាប់ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់ការប្រកួតយកឈ្នះលើក្រុមភ្ញៀវអង្គថាយហ្គឺរ ៣-២ នៅឯកីទ្បដ្ឋាន Smart RSN ថា៖ «ជាការពិតណាស់! ខ្ញុំមើលឃើញចំណុចវិជ្ជាមាន និងអវិជ្ជាមាន របស់កីទ្បាករ លឹម ពិសុទ្ធ ព្រោះរឿងខ្លះធ្វើបានល្អ ហើយរឿងខ្លះទៀតត្រូវការពេលវេលា ដើម្បីកែតម្រូវទ្បើងវិញ..។ សម្រាប់ចំណុចវិជ្ជាមាន ពិសុទ្ធ គឺមានចលនាបត់បែនលឿនច្រើននៅលើទីលាន ក៏ដូចជាដូចជាបង្កើតឱកាស និងបង្កើតតំបន់ទូលាយឱ្យខ្សែប្រយុទ្ធផ្សេងៗមានភាពងាយស្រួល។ ដោយទ្បែកចំណុចអវិជ្ជាមាន ជុំវិញការសម្រេចចិត្ត ក៏ដូចជាទំនុកចិត្ត ដូច្នេះហើយ រូបគេត្រូវកែប្រែចំណុចមួយចំនួនបន្ថែមទៀត។ ម្យ៉ាងទៀត ខ្ញុំយល់ឃើញថា លឹម ពិសុទ្ធ មានបញ្ហាពីការរិះគន់ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្វីផ្សេងៗទៀតនៅលើបណ្តេញសង្គម ជុំវិញការប្រកួតប្រជែងនៅស៊ីហ្គេមកន្លងមក។ ដូច្នេះហើយ វាបានធ្វើឱ្យរូបគេមានភាពភ័យខ្លាចក្នុងការលេងនៅលើទីលាន ក៏ដូចជាការអភិវឌ្ឍខ្លួនផ្សេងៗទៀត»។
លោកបន្តទៀតថា៖ «ខ្ញុំចង់ឱ្យ ពិសុទ្ធ ផ្តោតសំខាន់លើការលេងនៅទីលានបន្ថែមទៀត ពីព្រោះរូបគេមិនមែនផ្តោតសំខាន់អ្វីដែលគេនិយាយច្រើននៅលើបណ្តេញសង្គមនោះទ្បើយ។ បច្ចុប្បន្ន រូបគេ ក៏កំពុងស្ថិតនៅដំណើរធ្វើបានយ៉ាងល្អ ហើយរូបគេត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីឈានដល់ភាពល្អរបស់គេ។ ខ្ញុំអាចនិយាយបានថា ពិសុទ្ធ ត្រូវការវិវឌ្ឍខ្លួនពីក្មេងប្រុសដ៏ល្អ ដើម្បីក្លាយជាក្មេងប្រុសដ៏រំងមាំមួយ»៕

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា​ បានធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិស្រីលង្កា ដោយការបាល់ទាត់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២ (២-២)៕