កម្ពុជាបញ្ចប់តួនាទីគ្រូបង្វឹក ក្រោយមិនអាចឆ្លងផុតវគ្គជម្រុះ AFC Asian Cup 2027
សហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC បានបញ្ចប់តួនាទីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Félix Dalmás បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2027 កាលពីកន្លងទៅថ្មីៗនេះ។
ជាការពិតណាស់ ការបញ្ចប់កិច្ចសន្យារបស់បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះ បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ចេញពីវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០២៧ ក្រោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២។ ការបរាជ័យនេះ បានធ្វើឱ្យលោកទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រកម្ពុជាជាច្រើននាក់ រហូតដល់ទទួចឱ្យចុះចេញពីតំណែងភ្លាមៗតែម្តង។
យ៉ាងណា ក្រោយពីលោក Félix Dalmás ត្រូវបានបញ្ចប់តួនាទីជាគ្រូបង្វឹក សហព័ន្ធកីទ្បាបាល់ទាត់បាល់ទាត់កម្ពុជា ក៏បានតែងតាំងគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Kyotoku ជាបណ្នោះអាសន្នសិន ដើម្បីដឹកនាំក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិទល់នឹងចិនតៃប៉ិ និងហុងកុង ក្នុងខែតុលា និងចូលរួមប្រកួតប្រជែងពានរង្វាន់ប្រចាំទ្វីបអាស៊ាន AFF Championships ក្នុងខែធ្នូ ឆ្នាំ២០២៤ ផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី ២ ហើយដែល FFC ចែកផ្លូវគ្នាជាមួយនឹងលោក ដ្បិតលើកទី១ លោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹក កំឡុងពេលលោក Keisuke Honda ជាអ្នកចាត់ការទូទៅ កាលពីចន្លោះឆ្នាំ២០១៨-២០២០ ដែលគ្រានោះ លោកបានបង្ក់ើតកំណត់ត្រាថ្មីដ៏អស្ចារ្យដល់វិស័យបាល់ទាត់កម្ពុជា ដោយដឹកនាំក្រុមទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF U22 LG Cup 2019 និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕