Raphael Varane សម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ
អតីតខ្សែការពារកណ្តាល Real Madrid និង Manchester United កីទ្បាករ Raphael Varane បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ បន្ទាប់ពីចំណាយពេលលើវិស័យមួយនេះអស់រយៈពេល ១៤ ឆ្នាំ។ ការសម្រេចចិត្តធ្វើបែបនេះរបស់កីទ្បាករសញ្ជាតិបារាំងវ័យ ៣១ ឆ្នាំរូបនេះ ដោយសារតែបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ អំទ្បុងពេលការបង្ហាញខ្លួនលើកដំបូងឱ្យក្រុម Como ទល់នឹង U.C. Sampdoria កាលខែសីហា ឆ្នាំ២០២៤ និងត្រូវបានធ្វើឱ្យរូបគេបង្ខំចិត្តផ្លាស់ប្តូរចេញនៅនាទី ២០ តែម្តង។
ជុំវិញបញ្ហាខាងលើនេះ បន្ទាប់ពីមានកិច្ចពិភាក្សាគ្នារវាងក្លិប Como និង Raphael Varane ពួកគេក៏សម្រេចចិត្តបញ្ចប់កិច្ចសន្យាតែម្តង។ Raphael Varane ទើបតែចូលរួមជាមួយនឹងក្លិប Como ដែលជាក្រុមទើបតែទ្បើងមកលីគកំពូលអ៊ីតាលី Serie A នារដូវកាលថ្មីនេះ ក្រោយពីចាកចេញពីក្លិប Manchester United។
យ៉ាងណាទោះបីជា Raphael Varane ចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅវ័យ ៣១ ឆ្នាំពិតមែន តែរូបគេក៏ត្រូវបានចាត់ទុកថាជាកីទ្បាករដ៏ជោគជ័យមួយរូបផងដែរ។ ជាពិសេសរូបគេបានជួយឱ្យបារាំងឈ្នះពាន World Cup ឆ្នាំ ២០១៨ និង UEFA Nations League ឆ្នាំ២០២១ រួមទាំងទទួលបានជើងឯករង Euro ឆ្នាំ ២០១៦ និង World Cup ឆ្នាំ២០២២។ មិនត្រឹមតែប៉ុណ្ណោះនៅឯក្លិប Real Madrid វិញរូបគេក៏បានរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ជាច្រើនរួមមាន៖ UEFA Champions League ៤លើក, FIFA Club World ៤លើក, UEFA Super Cup និង La Liga ៣លើក ព្រមទាំងពាន FA Cup និង Carabao Cup ជាមួយនឹង Manchester United ផងដែរ៕