កម្លាំងចិត្ត! Real Madrid តកុងត្រាថ្មីឱ្យ Carvajal ដល់ឆ្នាំ ២០២៦ ទោះបីជាកំពុងព្យាបាលរបួស ACL ក៏ដោយ
ខ្សែការពារកូដស្តាំ Dani Carvajal បានចុះកុងត្រាថ្មីជាមួយនឹងក្លិបអធិរាជ-ស Real Madrid រយៈពេល ១ ឆ្នាំបន្ថែមទៀត ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៦ ឯណោះ ខណៈដែលកិច្ចសន្យាចាស់របស់រូបគេ នឹងត្រូវផុតកំណត់នៅចុងរដូវកាលនេះហើយ។ ប៉ុន្តែក្លិប Real Madrid បានសម្រេចចិត្តធ្វើបែបនេះ ដើម្បីឱ្យ Dani Carvajal បន្តស្នាក់នៅជាមួយនឹងក្លិបយ៉ាងហោចណាស់ក៏ ១ ឆ្នាំទៀតផងដែរ ដើម្បីជាការផ្តល់កម្លាំងចិត្តដល់រូបគេ ទោះបីជាកំពុងសម្រាកព្យាបាលរបួស ACL រហូតដល់ ៨ ទៅ ៩ខែក៏ដោយ។ កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ៣២ ឆ្នាំរូបនេះបានរបួសដាច់សរសៃពួរជង្គង់ ACL ក្នុងជំនួបទល់នឹង Villarreal ដែល Real Madrid បានយកឈ្នះ ២-០ កាលពីចុងសប្តាហ៍។ Dani Carvajal ត្រូវបានរំពឹងថាអាចនឹងអវត្តមានពីទីលានរហូតពេញមួយរដូវកាលឯណោះ។
គួរឱ្យដឹងផងដែរថា Dani Carvajal លេងឱ្យ Real Madrid រយៈពេលជាង ១០ ឆ្នាំជាមួយនឹងឈុតធំ ដែលរួមចំណែកជួយឱ្យក្រុមឈ្នះពានរង្វាន់ច្រើនរួមមានៈ UCL ចំនួន ៦ លើក និង LaLiga ចំនួន ៤ លើក ខណៈដែលរូបគេបង្ហាញខ្លួនលេងឱ្យក្រុមគ្រប់កម្មវីធីចំនួន ៤២៧ ប្រកួត៕
ប្រភព៖ beinsports