Boca Juniors តែងតាំងអតីតកីទ្បាករឆ្នើម Real Madrid ជាគ្រូបង្វឹកថ្មី

Oct 15, 2024 - 14:24
 25
ចែករំលែកទៅកាន់

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក្លិប Boca Juniors បានប្រកាសពីការតែងតាំងលោក Fernando Gago ជាគ្រូបង្វឹកថ្មីរបស់ពួកគេផ្លូវការ។

អតីតកីទ្បាករជម្រើសជាតិអាហ្សង់ទីន វិលត្រលប់មកក្លិបចាស់វិញ ក្នុងនាមជាគ្រូបង្វឹកថ្មី ខណៈដែលរូបលោកក៏ធ្លាប់ជាកីទ្បាករលេងនៅទីនេះ កាលពីឆ្នាំ ២០០៤ ដល់ ២០០៦ ផងដែរ។ ការមកចូលកាន់ងារជាគ្រូថ្មីរបស់ក្លិបយក្សអាហ្សង់ទីនខាងលើនេះរបស់លោក Fernando Gago ដែលមានវ័យ ៣៨ ឆ្នាំ ដោយសារលោក Diego Martinez បានលាឈប់ពីតំណែងគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមបរាជ័យ ៣ ប្រកួតជាប់គ្នានៅក្នុងប្រកួតប្រជែងលីគកំពូលអាហ្សង់ទីន។ លោក Fernando Gago ដែលបានចូលកាន់តំណែងនៅ Chivas កាលពីខែធ្នូ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា រូបលោកនឹងចាកចេញពីក្លឹបម៉ិកស៊ិកនេះ។

ក្នុងនាមជាអ្នកចាត់ការ លោក Fernando Gago បានដឹកនាំក្លិប Racing Club គ្រងជើងឯកអាហ្សង់ទីន និងពានរង្វាន់ International Super Cup ផងដែរ ។ Fernando Gago ដែលខ្សែការពាររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាប់លេងឱ្យក្រុម Real Madrid, Roma និង Valencia មុនពេលត្រលប់ទៅប្រកបអាជីពបាល់ទាត់នៅស្រុកកំណើតវិញក្នុងឆ្នាំ ២០១៣ ដោយលេងឱ្យ Boca Juniors ម្តងទៀត។ Gago ក៏បានបញ្ចប់អាជីពបាល់ទាត់នៅ Velez Sarsfield ផងដែរ៕

ប្រភព៖ CNA