ចុះទ្បើងៗហៅគ្រូចាស់មកដឹកនាំក្រុមជម្រើសជាតិវិញដដែល
លោក Herve Renard ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិអារ៉ាប៊ីសាអូឌីតវិញ ស្នងតំណែងពីលោក Roberto Mancini ចាកចេញពីក្រុមជម្រើសជាតិ ក្រោយពីភាគីទាំងសងឯកភាពគ្នាក្នុងការបញ្ចប់កិច្ចសន្យាគ្នា។ បុរសសញ្ជាតិបារាំងវ័យ ៥៦ ឆ្នាំរូបនេះធ្លាប់ដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ចន្លោះពីខែកក្កដា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ និងបានដឹកនាំក្រុមឈ្នះម្ចាស់ជើងឯក World Cup ឆ្នាំ២០២២ គឺអាហ្សង់ទីន នៅវគ្គចែកពូល ២-១ ផងដែរ។
លោក Herve Renard ក៏ចាកចេញពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដើម្បីដឹកនាំក្រុមជម្រើសជាតិនារីបារាំង នៅ World Cup ឆ្នាំ ២០២៣ និងកីឡាអូឡាំពិក ឆ្នាំ២០២៤ ដែលប្រទេសបារាំង ធ្វ់ើជាម្ចាស់ផ្ទះ។ គួរជម្រាបថា នេះជាលើកទី ២ របស់លោក Herve Renard ដែលត្រលប់មកដឹកនាំក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតវិញ ជាមួយនឹងការប្រកួតជម្រុះ World Cup ជុំទី ៣ តំបន់អាស៊ី ដែលត្រូវប្រកួតតទល់នឹងអូស្ត្រាលី និងឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕
ប្រភព៖ BBC