Man Utd បណ្តេញលោក Erik Ten Hag ចេញពីតំណែង

Oct 29, 2024 - 10:08
 13
ចែករំលែកទៅកាន់

ក្លិប Manchester United បានសម្រេចបណ្តេញអ្នកចាត់ការលោក Erik ten Hag ចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អទ្បើយ នារដូវកាលនេះ។ ក្លិបយក្សអង់គ្លេសនេះបានធ្លាក់ទៅលេខរៀងទី ១៤ ក្នុងតារាងពិន្ទុ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League រដូវកាល ២០២៤-២៥ បន្ទាប់ពីរងបរាជ័យលើកទី ៤ របស់ពួកគេក្នុងការប្រកួតលីគចំនួន ៩ នៅលើទឹកដីក្រុម West Ham កាលពីថ្ងៃអាទិត្យ។ United ឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួត ៨ ចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់។

សេចក្តីថ្លែងការណ៍របស់ក្លិបបានបញ្ជាក់ថាលោកErik ten Hag បានចាកចេញពីតួនាទីរបស់លោកជាអ្នកគ្រប់គ្រងក្រុមដំបូងរបស់ Manchester United។ យើងមានថ្លែងអំណរគុណចំពោះ Erik សម្រាប់អ្វីគ្រប់យ៉ាងដែលលោកបានធ្វើក្នុងអំឡុងពេលដែលលោកនៅជាមួយយើង ហើយសូមជូនពរលោកឱ្យមានសុខភាពល្អសម្រាប់អនាគត។ Erik ត្រូវបានតែងតាំងនៅក្នុងខែមេសា ឆ្នាំ២០២២ ហើយបានដឹកនាំក្លិបឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺពានរង្វាន់ Carabao Cup ក្នុងឆ្នាំ២០២៣ និង FA Cup នៅឆ្នាំ២០២៤។ បន្ទាប់ពីបណ្តេញលោក Erik ten Hag ចេញពីតំណែង United បានបន្ថែមការងារអតីតខ្សែប្រយុទ្ធ Ruud van Nistelrooy ដែលបានត្រលប់មកក្លិបវិញក្នុងនាមជាជំនួយការរបស់ Ten Hag កាលពីខែកក្កដា ធ្វើជាអ្នកចាត់ការបណ្តោះអាសន្ន ខណៈពេលដែលដំណើរការការជ្រីសរីសគ្រូបង្វឹកអចិន្រ្តៃយ៍កំពុងបន្ត៕