ហេតុអ្វីបានជា Barca មិនអាចត្រឡប់នៅលេងនៅ Camp Nou បាន?

Nov 21, 2024 - 16:55
 11
ចែករំលែកទៅកាន់

Barcelona បាន​បញ្ជាក់​ថា​ក្លិប​មិនអាចវិលត្រឡប់ទៅ​ប្រកួត​នៅកីឡដ្ឋានដែលកំពុងកែលម្អរ Spotify Camp Nou បានទេរហូត​ដល់​ចូល​ឆ្នាំ​ថ្មី ដោយ​លើក​ឡើង​ពី​មូលហេតុច្បាប់របស់ UEFA ។ បន្ទាប់ពីឈ្នះពាន LaLiga ក្នុងខែមិថុនា ឆ្នាំ២០២៣ ក្រុមយក្សកាតាឡាន បានចាប់ផ្តើមធ្វើការកែលម្អរកីឡដ្ឋានដ៏ល្បីលើពិភពលោករបស់ពួកគេ ក្នុងតម្លៃជាង២ពាន់លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផ្ទុកទស្សនិកជនដល់១០ម៉ឺន៥ពាន់នាក់ ។ ដំបូងឡើយក្លិបសង្ឃឹមថានឹងត្រលប់ទៅ Camp Nou វិញសម្រាប់ខួបលើកទី ១២៥ របស់ក្លិបនៅថ្ងៃទី២៩ ខែវិច្ឆិកា បើទោះជាកាលពីខែមុនក្លិបបានទទួលស្គាល់ថាកាលបរិច្ឆេទ នៃការផ្លាស់ប្តូរនឹងត្រូវពន្យារពេលក៏ដោយ។

នៅក្នុងការប្រកាសព័ត៌មានទៅកាន់អ្នកគាំទ្រ Barcelona បានបញ្ជាក់ថាពួកគេនឹងបន្តលេងនៅឯ Estadi Olimpic Lluis Companys រហូតដល់ចូលឆ្នាំថ្មី។ ក្លិបបានអះអាងថាច្បាប់របស់ UEFA គឺជាកត្តាសំខាន់មួយ ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានរារាំងក្រុមមិនអោយផ្លាស់ប្តូរកីឡដ្ឋានក្នុងអំឡុងពេលដំបូងនៃការប្រកួត Champions League នេះទេ។

ដោយសារបទប្បញ្ញត្តិរបស់ UEFA រារាំងការផ្លាស់ប្តូរកីឡដ្ឋានក្នុងដំណាក់កាលដំបូងនៃការប្រកួត Champions League និងការលំបាកផ្នែកដឹកជញ្ជូន និងការចំណាយលើការថែរក្សាកន្លែងផ្ទុកសមត្ថភាពធំៗចំនួនពីរដែលដំណើរការក្នុងពេលតែមួយ ក្លឹបបានសម្រេចបន្តលេងហ្គេមក្នុងផ្ទះរបស់ខ្លួននៅឯកីឡដ្ឋាន Estadi Olímpic រហូតដល់ចុងបញ្ចប់នៃដំណាក់កាលដំបូងនៃការប្រកួត Champions League។ បច្ចុប្បន្ន Barcelona កំពុងប្រកួតនៅពហុកីឡដ្ឋាន Estadi Olimpic Lluis ដែលមានសមត្ថភាព៥៤៣៦៧ដែលជាកីឡដ្ឋានអូឡាំពិករបស់ Barcelona ក្នុងអំឡុងពេលនៃការជួសជុល៕