Rodri សង្ឃឹមថាត្រលប់មកលេងឱ្យ City វិញ មុនបញ្ចប់រដូវកាលនេះ...
ខ្សែបម្រើ Rodri របស់ក្លិប Manchester City សង្ឃឹមថាត្រលប់មកលេងឱ្យក្រុមវិញ មុនពេលបញ្ចប់រដូវកាលនេះ។ កីទ្បាករសញ្ជាតិអេស្ប៉ាញវ័យ ២៨ ឆ្នាំរូបនេះបានរបួសដាច់សរសៃពួរជង្គង់ ACL ខាងស្តាំ អំទ្បុងពេលក្រុមប្រកួតស្មើគ្នា ២-២ ជាមួយនឹង Arsenal កាលពីកញ្ញា។ ជាមួយនឹងបញ្ហាខាងលើនេះ គ្រូបង្វឹក Manchester City លោក Pep Guardiola បាននិយាយថារូបគេនឹងសម្រាកព្យាបាលរបួសរហូតពេញ ១ រដូវកាលឯណោះ។
ខ្សែបម្រើ Rodri បានប្រាប់ The Rest Is Football podcast ថា៖ គោលដៅរបស់ខ្ញុំ គឺត្រលប់មកលេងវិញនៅរដូវកាលនេះ។ ខ្ញុំមិនបោះបង់វាចោលទេនៅរដូវកាលនេះ ប៉ុន្តែខ្ញុំមិនចង់បង្កើតកំហុសទេ។ គោលដៅខ្ញុំ គឺ ៦ ឬ ៧ ខែប៉ុណ្ណោះ។ ខ្ញុំធ្វើបានល្អជាងការគិត។ ខ្ញុំរីករាយនឹងការសម្រាក។ អារម្មណ៍របស់ខ្ញុំមិនដូចការមានឈឺចុកចាប់ ជង្គង់មានភាពរឹងមាំ។ ខ្ញុំជឿជាក់ថាវាមិនអាក្រក់ពេកទេ។ មួយខែកន្លះគឺឈឺណាស់ ខ្ញុំមិនអាចដើរបាន ប៉ុន្តែឥឡូវវាស្រួលជាង។
ការប្រកួត English Premier League នឹងបញ្ចប់រដូវកាល ២០២៤-២៥ នាថ្ងៃទី២៨ ខែឩសភា មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ៨ ថ្ងៃ (ថ្ងៃទី១៧ ខែឩសភា ឆ្នាំ២០២៥)។ City ក៏ត្រៀមចូលរួមប្រកួត FIFA Club World Cup នៅសហរដ្ឋអាម៉េរិក ចន្លោះពីថ្ងៃ១៥ ខែមិថុនា រហូតដល់ការប្រកួតផ្តាច់ព្រ័ត្រថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕
ប្រភព៖ BBC