មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ស៊ីហ្គេម! កម្ពុជា​មិន​តម្រូវ​ឱ្យ​ប្រតីភូ​កីឡា​ទាំង​អស់​បង់​ថ្លៃ​ហូបចុក-ស្នាក់នៅ ម្នាក់ៗ​ ៥០ដុល្លារ​ក្នុង​១​ថ្ងៃ​ទេ​

Apr 22, 2023 - 00:43
 2
ចែករំលែកទៅកាន់

ដើម្បីផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម​ និងអាស៊ានប៉ារ៉ាហ្គេម ជា​ប្រវត្តិ​​សាស្ត្រ​ដំបូង​របស់​កម្ពុជា ​ឱ្យ​ទទួលបានជោគជ័យ ជាកំណត់ត្រាថ្មីមួយ ម្ចាស់ផ្ទះកម្ពុជា នឹង​មិន​តម្រូវ​ឱ្យ​ប្រតិភូ​កីឡា​អាស៊ីអាគ្នេយ៍​ទាំង​អស់​បង់​ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១​ថ្ងៃៗ​នោះ​ឡើយ។

​ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់បន្ថែម​ថា​៖ “គ្រប់​គណៈកម្មការ​ជំនាញទាំងអស់ ទទួល​បាន​អនុ​សាសន៍​បន្ថែម​ពី​សម្តេច​ពិជ័យសេនា ​ទៀ បាញ់ ​ហើយ​យើង​នឹង​ផ្សព្វផ្សាយ​ជូនដល់​ប្រតិភូ​កីឡា​ស៊ី​ហ្គេម-​អាស៊ានប៉ារ៉ាហ្គេម ​ទាំងអស់ថា​ យើង​នឹង​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬ​ថ្លៃ​សេវា​របស់​ប្រតិភូ​កីឡា ​សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន​៥០ដុល្លារ ក្នុង​១​ថ្ងៃៗ​នោះទេ។ យើង​នឹង​ផ្តល់​ជូន​ព័ត៌មាន​នេះ ដល់បណ្តាប្រទេសទាំងអស់ ដែល​កំពុង​ត្រៀម​ចូលរួម​ប្រកួត​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុង​បំណង​ចម្បង​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​ទាំង​មូល​នៅ​កម្ពុជា ​ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុង​កិច្ច​​ប្រជុំ​ប្រកបដោយអត្ថន័យ នៅព្រឹកថ្ងៃនេះ”។

ឯកឧត្តម វ៉ាត់ ចំរើន បានចាត់ទុក ការ​មិន​ទទួល​យក​ប្រាក់​កម្រៃ ឬ​ថ្លៃ​សេវា​របស់​ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន​៥០ដុល្លារ ក្នុង​១​ថ្ងៃៗនេះ ​ថា ជា​សម្រេច​ចិត្ត​ដ៏​វិសេស​វិសាល​មួយ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​ស៊ីហ្គេម ហើយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ នឹង​គោរព​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ខ្ពង់​ខ្ពស់​របស់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា៕

កែសម្រួលអត្ថបទ៖ Hong

ប្រភព:Cambodai 2023