ពិតជាល្អមែន ខេត្តព្រះសីហនុ ត្រៀមរួចស្រេចទទួលកីឡា៣ប្រភេទនៅស៊ីហ្គេម២០២៣
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ការរៀបចំគឺបានត្រៀមរួចរាល់អស់ហើយទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ ដ្បិតកន្លងមកខេត្តព្រះសីហនុ ធ្លាប់ទទួលរៀបចំការប្រកួតកីឡាទាំង ៣ប្រភេទរួចមកហើយ។ ទោះបីជាយ៉ាងណាឯកឧត្តមមានការព្រួយបារម្ភខ្លះៗជុំវិញអាកាសធាតុ។ ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើលោកមួយនេះ នឹងត្រូវទទួលរៀបចំការប្រកួតកីឡា៣ប្រភេទរួមមានកីឡាទូកក្ដោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាប្រណាំងម៉ូតូទឹក។
«ទាក់ទងនឹងការរៀបចំ ពិតហើយដោយសារយើងមិនធ្លាប់មានបទពិសោធខ្លួនឯងក្នុងការចាត់ចែង ក៏ប៉ុន្តែកាលពីចុងឆ្នាំ២០២១ ដើមឆ្នាំ២០២២ គឺយើងធ្លាប់បានសាកល្បងបែបអន្តរជាតិខ្នាតតូច។ យើងក៏បានដកបទពិសោធអំពីការប្រកួតកីឡាប្រណាំងទូកក្ដោង និងការប្រណាំងម៉ូតូទឹក មានបទពិសោធម្ដងរួចទៅហើយ អីចឹងអាចថាសម្រាប់ការរៀបចំនៅពេលខាងមុខនេះ ទាំងក្រុមការងារបច្ចេកទេស ក៏ដូចជាក្នុងនាមអាជ្ញាធរមូលដ្ឋានលើការងារសណ្ដាប់ធ្នាប់ សន្តិសុខ ឬក៏ទីលានប្រកួតនេះ ខ្ញុំគិតថា នឹងមិនមានការលំបាកអីទេ ដោយសារ យើងធ្លាប់មានបទពិសោធ និងផ្ដល់កិច្ចសហការនេះបានល្អ។ ការបារម្ភតែម៉្យាងទេគឺអាកាសធាតុ ពីព្រោះធ្លាប់ជួបប្រទះបញ្ហាអាកាសធាតុនេះក្នុងពេលរៀបចំ»។ ឯកឧត្តមអភិបាលខេត្តបានបន្ថែម៕