២០១៩ ជាឆ្នាំក្រុមបាល់ទាត់កម្ពុជាធ្វើបានល្អបំផុតនៅស៊ីហ្គេម!
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩ដែលរៀបចំនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាពេលវេលាក្រុមជម្រើសជាតិបាល់ទាត់ផ្នែកបុរសរបស់កម្ពុជាធ្វើបានលទ្ធផលល្អបំផុត ពោលដណ្ដើមបានចំណាត់ថ្នាក់លេខ៤។
អំឡុងការប្រកួតនាឆ្នាំនោះ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំស្ថិតនៅពូល A ជាមួយជម្រើសជាតិមីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី និងទីម័រ។ បើកឆាកប្រកួតដំបូងកម្ពុជាបានប្រកួតស្មើគ្នាជាមួយហ្វីលីពីន ១-១ មុនពេលទៅឈ្នះទីម័រ ៥-០។ ប៉ុន្តែកម្ពុជាបានលេងចាញ់ប្រកួតទី៣ ក្រោមថ្វីជើងរបស់មីយ៉ាន់ម៉ា លទ្ធផល ២-១ ខណៈស្រោចស្រង់ជ័យជម្នះបានវិញនៅប្រកួតទី៤ ដោយយកឈ្នះម៉ាឡេស៊ី ៣-១។
៣គ្រាប់របស់កម្ពុជាយកឈ្នះលើម៉ាឡេស៊ីធ្វើបានដោយ អ៊ិន សូដាវីដ សៀង ចន្ធា និងកែវ សុខផេង។
ឆ្លងកាត់៤ប្រកួតនេះ កម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២ក្នុងពូល A ឈរក្រោមមីយ៉ាន់ម៉ា មានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅវគ្គ៤ក្រុមចុងក្រោយ ឬគេហៅថាវគ្គចាញ់ធ្លាក់នោះ កម្ពុជាត្រូវប៉ះជាមួយក្រុមខ្លាំងវៀតណាមដែលជាម្ចាស់មេដាយច្រើនសម័យ។
មិនមែនជារឿងងាយស្រួលឡើង ពេលប៉ះវៀតណាម ក្រុមជម្រើសជាតិកម្ពុជាបានបរាជ័យដល់ទៅ ៤-០ ធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ កម្ពុជាមិនទាន់អស់ឱកាសនៅឡើយទេ ត្រូវលេងដណ្ដើមយកមេដាយសំរឹទ្ធិជាមួយមីយ៉ាន់ម៉ា ដែលប្រកួតចាញ់ឥណ្ឌូណេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្នុងវគ្គប្រជែងយកមេដាយសំរឹទ្ធិ កម្ពុជានិងមីយ៉ាន់ម៉ា បានប្រកួតគ្នាយ៉ាងស្វិតស្វាញរហូតដល់បាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយប្រកួតពេញម៉ោងស្មើគ្នា ២-២។ បាល់ប៉េណាល់ទីកាត់សេចក្ដី មីយ៉ាន់ម៉ាបានយកឈ្នះកម្ពុជា ៥ ទល់នឹង៤ យកបានមេដាយសំរឹទ្ធិក្នុងកម្មវិធី ខណៈវៀតណាមជាម្ចាស់មេដាយមាស បន្ទាបពីបានយកឈ្នះឥណ្ឌូណេស៊ី ៣-០៕