Xavi ជឿថាកូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតាប្រាកដជាទិញបានក្លឹប Man Utd
លោក Xavi Hernandez អ្នកចាត់ការក្លឹប Barcelona យល់ថា លោក Sheikh Jassim bin Hamad Al Thani ដែលជាប្រធានក្រុមប្រឹក្សាភិបាលធនាគារឥស្លាមកាតា និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា ប្រាកដជាទិញក្លឹប Manchester United បាន។
Sheikh Jassim បានដេញថ្លៃទិញក្លឹបបិសាចក្រហមនៅនាទីចុងក្រោយ ខណៈគ្រួសារត្រកូល Glazer ប្រុងលក់ក្លឹបយ៉ាងតិចក៏ក្បែរ ៦ប៊ីលានដុល្លារអាមេរិកដែរ។
ទាក់ទិននឹងរឿងនេះដែរ លោកXavi បាននិយាយថា៖ «ខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សដែលចាប់អារម្មណ៍ទិញក្លឹប [Manchester United] គាត់ជាមនុស្សម៉ឺងម៉ាត់ ហើយខ្ញុំជឿជាក់ថាគាត់នឹងធ្វើបានល្អ»។
លោក Xavi ធ្លាប់រស់នៅកាតាបាន ៦ឆ្នាំ ដោយលេងជាកីឡាករបាន ៤ឆ្នាំ និងធ្វើជាគ្រូបង្វឹកបាន ២ឆ្នាំ។
លោកបានបន្ថែមថា៖ «ខ្ញុំស្គាល់គាត់ច្បាស់ណាស់។ ខ្ញុំគិតថា លោកជាមនុស្សល្អ ជាមួយនឹងភាពទំនួលខុសត្រូវ។ ខ្ញុំគិតថាគាត់ជាជម្រើសល្អមួយសម្រាប់ United»៕