Barcelona ត្រូវ​បាន​គេ​ចោទ​ថា ផ្ទេរ​លុយ​ ៣៣ដងទៅ​អតីត​អនុ​ប្រធាន​គណៈកម្មការ​អាជ្ញាកណ្ដាល

Apr 22, 2023 - 21:56
 2
ចែករំលែកទៅកាន់

ក្លឹប​ Barcelona ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​ Que t'hi jugues ចុះ​ផ្សាយ​ថា បាន​ផ្ទេរ​លុយ​ទៅ​កាន់​អតីត​អនុ​ប្រធាន​គណៈកម្មការ​បច្ចេកទេស​អាជ្ញាកណ្ដាល​លោក Jose Maria Enriquez Negreira ចាប់​ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៨ តាម​រយៈ​ក្រុមហ៊ុន​របស់​លោក​គឺ ក្រុមហ៊ុន Dansil 95។

សារព័ត៌មាន​អេស្ប៉ាញ El Mundo បាន​អះអាង​ថា ខ្លួន​មាន​ឯកសារ​វិក្កយបត្រ​ផ្ទេរ​ប្រាក់​របស់​ក្លឹប ដោយ​ Barcelona បាន​ដាក់​ជូន​អង្គភាព​ពន្ធដារ​អេស្ប៉ាញ។

បើ​តាម​ការ​ចុះ​ផ្សាយ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខាង​ក្លឹប​ផ្ទេរ​លុយ ៣៣ដង​ ចំនួន​សរុប​ប្រមាណ ១,៨លាន​ដុល្លារ​អាមេរិក ទៅ​កាន់​ក្រុមហ៊ុន Dansil 95 សរុប ២០១៦ ដល់​ឆ្នាំ២០១៨ រហូត​ដល់​ពេល​ដែល​លោក Negreira ឈប់​ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មការ​បច្ចេកទេស​អាជ្ញាកណ្ដាល​របស់​បាល់ទាត់​អេស្ប៉ាញ។

ខាង​ El Mundo អះអាង​ថា អង្គភាព​ពន្ធដារ​អេស្ប៉ាញ​បាន​និយាយ​ថា ការ​ផ្ទេរ​លុយ​ទៅ​កាន់​ក្រុមហ៊ុន Dansil 95 ដោយ​ហេតុ​ថា Barcelona «ចង់​ធានា​ថា ការ​សម្រេច​ចិត្ត​ផ្នែក​អាជ្ញាកណ្ដាល មិនត្រូវ​ប្រឆាំង​នឹង​ក្លឹប​ខ្លួន​ទេ»។

ក្រោយ​មក​ក្លឹប Barcelona ក៏​ដូច​ជា​ខាង​ក្រុមហ៊ុន Dansil 95 បាន​ចេញ​មុខ​បដិសេធ​រឿង​នេះ។ ខាង​ Barcelona បាន​អះអាង​ថា ទំនាក់ទំនង​របស់​ខ្លួន​ និង​ក្រុមហ៊ុន​គឺ​ពាក់ព័ន្ធ​តែ​រឿង​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស​ទេ។

យ៉ាងណាក៏ដោយ សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​បាល់ទាត់​អេស្ប៉ាញ​ចាប់​ផ្ដើម​ស៊ើបអង្កេត​លើ​រឿង​នេះ ដោយ​ក្លឹប Barcelona អាច​នឹង​ប្រឈម​នឹង​ការ​ដក​ពិន្ទុ ឬ ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ ប្រសិន​បើ​រឿង​នេះ​ជា​រឿង​ពិត៕

ប្រភព៖ Forbes   ប្រែ​សម្រួល៖ Hong