មានគំនិតណាស់ ព្រំ សំណាង កំពុងត្រៀមដំណើរការមុខរបរថ្មីមួយឆាប់ៗនេះ
បន្ទាប់ពីអាជីពប្រដាល់បាន និងកំពុងមានផ្លែផ្កា និងរកប្រាក់បានជាច្រើនក្នុងរង្វង់ប្រមាណកន្លះឆ្នាំចុងក្រោយនេះ ឥឡូវ ព្រំ សំណាង បានប្រើប្រាស់ចំណែកខ្លះនៃថវិកាដែលរកបានត្រៀមនឹងបើកមុខរបរថ្មីមួយបន្ថែមពីអាជីពឈឺខ្លួនមួយនេះ។
នៅក្នុងបទសម្ភាសន៍ខ្លីមួយ ព្រំ សំណាង បញ្ជាក់ថាអំពីមុខរបរថ្មីនេះថា គឺលោក ត្រៀមនឹងបើកក្លឹបប្រដាល់ផ្ទាល់ខ្លួនមួយ។ លោកថា បានគិតពីមុខរបរបន្ថែមដែលមិនទៅណាឆ្ងាយពីវិស័យគុនខ្មែរមួយនេះយូរមកហើយ ហើយទើបអាចមានលទ្ធភាពខ្លះៗដើម្បីធ្វើនៅពេលនេះ។ ចំពោះហេតុផល ទី១ គឺលោកមានចេតនា ចង់ចែកចំណេះជំនាញអំពីក្បាច់គុនប្រដាល់ខ្មែរទៅឲ្យក្មេងៗជំនាន់ក្រោយ។
លោកថ្លែងថា "គឺបង្ការពេលខ្ញុំចាស់ទៅ...ហើយខ្ញុំចង់បណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ កុំអោយដើរផ្លូវខុស ឬអត់ការងារធ្វើអីចឹងណាស់ និងព្យាយាមជីកគាស់ក្មេងៗដែលមានសមត្ថភាព នៅតាមស្រុកភូមិនានា..."។ ដោយហេតុផលទី២ទៀត ដើម្បីបង្ការពីការធ្លាក់ចុះនៃអាជីពប្រដាល់ ទៅតាមវ័យ តាមកាលវេលា ដែលចៀសមិនរួច។ ដូច្នេះ បើមិនធ្វើមុខរបរនេះទេ គឺស្ដាយអ្វីដែលខ្លួនឯងបានសាងមកជាច្រើនឆ្នាំមកហើយ ហើយបើមិនរកអ្នកបន្តវេន គឺជារឿងគួរឲ្យសោកស្ដាយមួយ។
បច្ចុប្បន្នបញ្ជាក់ថា លោកកំពុងដំណើរការរៀបចំហើយ ប៉ុន្តែមិនទាន់មានឈ្មោះផ្លូវការនោះទេ ហើយពេលវេលាជាក់លាក់ក្នុងការដំណើរការផ្លូវការមិនទាន់មានដែរ។ លោកថា កិច្ចការនេះមានខ្ទង់ចំណាយខ្ពស់ ដូច្នេះហើយ លោកធ្វើវាបន្តិចម្ដងៗតាមលទ្ធភាពដែលខ្លួនមាន៕
ប្រភព៖ saby new ប្រែសម្រួល៖Hong