បើ Premier League ចាប់ផ្តើមរដូវកាលខែតុលា ម្ល៉េះពេលនេះ Chelsea កំពុងស្ថិតនៅតំបន់ត្រូវកាត់ឈ្មោះ
ឆ្លងពីមួយប្រកួតទៅមួយប្រកួត Chelsea ពិបាកនឹងរកឃើញជ័យជម្នះ ហើយយប់មិញក៏ទើបតែស្គាល់បរាជ័យថែមទៀត ក្រោមថ្វីជើង Arsenal ១-៣។ ការរបូត ៣ ពិន្ទុនាំឲ្យក្លឹបភ្ញៀវ មានតែ ៣៩ ពិន្ទុ នេះនាំមុខលើក្លឹបនៅតំបន់ត្រូវកាត់ឈ្មោះតែ ៩ ពិន្ទុប៉ុណ្ណោះ ដ្បិតការប្រកួតសល់ ៥ ជុំក្នុងដៃ។
ជាការពិតក្រោមការដឹកនាំរបស់លោក Frank Lampard ជាអ្នកចាត់ការថ្មី ឈរជើងដឹកនាំដល់បញ្ចប់រដូវកាល គឺពុំបានទាញក្លឹបឲ្យឆ្ពោះមកភាពល្អប្រសើរឡើង នេះមើលទៅសឹងតែយ៉ាប់ជាងកាល Graham Potter នៅដឹកនាំទៅទៀត។
បើតាមការវាយតម្លៃពី Opta ផ្អែកតាមទម្រង់លេង និងរបៀបដឹកនាំរបស់ Lampard ហើយស្រមៃថយក្រោយ ប្រសិនរដូវកាលនៅលីគកំពូលអង់គ្លេសត្រូវចាប់ផ្តើមនៅថ្ងៃទី ២៩ តុលា ពោលក្រោយការចាប់ផ្តើមធម្មតា ២ ខែ ម្ល៉េះពេលនេះ Chelsea នឹងកំពុងស្ថិតក្នុងតំបន់បន្ទាត់ក្រហមបាត់ទៅហើយ។ពួកគេនឹងត្រូវមានតែ ១៨ ពិន្ទុប៉ុណ្ណោះ ត្រឹមជុំទី ២២ ដោយនាំមុខលើ Everton មាន ១៦ ពិន្ទុ និង Southampton មាន ១២ ពិន្ទុ។ យ៉ាងណាទាំងអស់នេះ គ្រាន់តែជាការដកថយក្រោយ តែការពិតមានតែចាំអ៊ុតមើល លើលទ្ធផលសេសសល់ ៥ ជុំទៀត ដែលតោខៀវ ត្រូវប៉ះ Bournemouth, Nottingham Forest, Man City, Man Utd និងចុងក្រោយគឺ Newcastle United៕
កែសម្រួលអត្ថបទ៖vakhim