Messi ធ្វើដំណើរទៅអារ៉ាប៊ី សាអ៊ូឌីត ដោយគ្មានការអនុញ្ញាតពី PSG
Lionel Messi មិនបានចូលរួមហ្វឹកហាត់សម្រាប់ក្រុម Paris Saint–Germain នោះទេ នាដើមសប្ដាហ៍នេះ ហើយបានធ្វើការហោះហើរទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដោយខ្សែប្រយុទ្ធអាហ្សង់ទីន ជាទូតសុឆន្ទៈនៃវិស័យទេសចររបស់ប្រទេសអាស៊ីមួយនេះ។
Messi បានឈានដល់ការព្រមព្រៀងតម្លៃ២៥លានផោន ដើម្បីជួយផ្សព្វផ្សាយប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីខែឧសភាឆ្នាំមុន ប៉ុន្ដែគេទើបតែបានទៅកម្សាន្ដនៅប្រទេសនេះ នៅក្នុងសប្ដាហ៍នេះទេ។
តាមដំណឹងលេចឮ ម្ចាស់ពាន World Cup 2022 រូបនេះ បានធ្វើដំណើរទៅអារ៉ាប៊ី សាអ៊ូឌីត ដោយពុំទទួលបានការអនុញ្ញាតពីអ្នកចាត់ការ PSG លោក Christophe Galtier ឬនាយកផ្នែកកីឡាលោក Luis Campos នោះទេ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានបារាំង L’Equipe ហើយកីឡាកររូបនេះ ប្រឈមនឹងការពិន័យថែមទៀតផង។
ក្រុមកីឡាកររបស់ PSG រំពឹងថា អាចត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃអង្គារ ប្រសិនបើពួកគេអាចទទួលបានជ័យជម្នះទល់ Lorient ប៉ុន្ដែដោយសារបរាជ័យ ៣-១ កាលពីថ្ងៃអាទិត្យ ទើបគម្រោងមានការផ្លាស់ប្ដូរ ហើយកីឡាករត្រូវចូលរួមហ្វឹកហាត់នៅថ្ងៃចន្ទ។
ប៉ុន្ដែ Messi បានកក់សំបុត្រយន្ដហោះរួចរាល់ ហើយគេបានធ្វើតាមគម្រោង ដើម្បីមកកម្សាន្ដនៅអារ៉ាប៊ីសាអ៊ូឌីត។ អនាគតកីឡាកររូបនេះជាមួយ PSG ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ហើយកិច្ចសន្យារបស់គេនៅ Parc des Princes នឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ៕
កែសម្រួលអត្ថបទ៖vakhim