Barcelona ត្រៀមទទួលសំណើ៨០លានអឺរ៉ូ ក្នុងការផ្ទេរ Raphinha ពីក្លិបនៅ PL
ក្លិប Barcelona មានគម្រោងក្នុងការលក់ចេញនូវកីឡាករមួយចំនួន ដើម្បីអាចនាំចូលកីឡាករគោលដៅរបស់ក្លិប នៅក្នុងទីផ្សារដោះដូរនារដូវក្ដៅខាងមុខ។
ម្នាក់នៅក្នុងចំណោមកីឡាករដែលអាចនឹងត្រូវបានលក់ចេញគឺខ្សែប្រយុទ្ធ Raphinha។ យោងតាមប្រភពពីអ្នកសារព័ត៌មាន Gerard Romero បានអះអាងថា Barca មានការព្រមព្រៀងផ្ទាល់មាត់ជាមួយក្លិប Newcastle United សម្រាប់ការផ្ទេរកីឡាករប្រេស៊ីល ក្នុងតម្លៃប្រមាណ៨០លានអឺរ៉ូ។
Barca កំពុងរិះរកវិធី ក្នុងការដោះស្រាយបញ្ហា តុល្យភាពហិរញ្ញវត្ថុ ហើយបានទាក់ទងសុំការអន្ដរាគមន៍ពីប្រធានលីគ លោក Javier Tebas។ ហើយការលក់ Raphinha អាចនឹងជួយដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុបានមួយកម្រិត ជាពិសេសការចង់នាំយក Lionel Messi ត្រលប់មកវិញ។
សូមរំឭកថា Raphinha បានផ្ទេរមកកាន់ទឹកដី Camp Nou ពីក្លិប Leeds United ក្នុងតម្លៃ៥៥លានអឺរ៉ូ។ ប្រិសនបើពួកគេទទួលបានថ្លៃផ្ទេរ ៨០លានអឺរ៉ូ នោះក្លិបមានការចំណេញ២៥លានអឺរ៉ូលើការផ្ទេរ កីឡាករដែលមានសុពលភាពកុងត្រាដល់ឆ្នាំ២០២៧៕
កែសម្រួលអត្ថបទ៖vakhim