Messi មានបំណងចង់ចាកចេញពី PSG តាំងពីមួយខែមុនមកម្ល៉េះ
Lionel Messi ត្រូវបានរាយការណ៍ថា បានសម្រេចចិត្តក្នុងការចាកចេញពីក្លិប Paris Saint–Germain តាំងពីមួយខែមុន មុនពេលដែលខ្សែប្រយុទ្ធរូបនេះ បានសម្រេចចិត្តនាំគ្រួសារទៅលំហែកាយនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។
ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ប្រហែលជាមិនបន្ដរួមរស់ជាមួយក្លិប PSG នោះទេ ក្រៅតែពីរដូវកាលនេះ ហើយបើយោងតាមប្រភពពី Goal.com បានរាយការណ៍ថា បន្ទាប់ពី Messi ត្រូវបានពិន័យ ដោយសារបានធ្វើដំណើរទៅអាស៊ី ដោយមិនសុំការអនុញ្ញាតពីក្លិប។
ទង្វឹនេះ អាចបញ្ជាក់មួយផ្នែកថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មិនចង់បន្ដរួមរស់នៅទឹកដី Parc des Princes តទៅទៀតឡើយ។ ហើយអ្នកសារព័ត៌មានល្បីឈ្មោះ លោក Fabrizio Romano បានរាយការណ៍ថា គេបានសម្រេចចិត្តក្នុងការជ្រើសរើសទ្រនំផ្សេងតាំងតែពីខែមុនមក។
ការធ្វើដំណើររបស់ Messi ទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត អាចធ្វើឱ្យលេចឮដំណឹងថា ខ្សែប្រយុទ្ធរូបនេះ អាចនឹងមានការភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្លិប នៃក្របខណ្ឌ Saudi Pro League នារដូវក្ដៅខាងមុខ ខណៈ Barcelona និង Inter Miami ជាជម្រើសផ្សេងទៀតផងដែរ៕
កែសម្រួលអត្ថបទ៖vakhim
ប្រភព៖ Goal