សែន ច័ន្ទរិទ្ធីគុន ចេញវ៉ៃតំណាងគុនខ្មែរនៅម៉ាឡេស៊ី ជឿជាក់ឈ្នះ១០០%
កីឡាករប្រដាល់គុនខ្មែរ ធីអាហ្គូ ដែលមានឈ្មោះខ្មែរ សែន ច័ន្ទវិទ្ធីគុន នៃក្លិបប្រដាល់គុនខ្មែរពិភពលោករបស់លោកឧកញ៉ា ស្រី ចាន់ថន មានជំនឿចិត្តរហូតដល់១០០% ក្នុងការចេញទៅប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី Maythai International Championship ជួបកីឡាករថៃ Wanmuhamad Kitiyamart ។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាករគុនខ្មែរ ដែលទើបទទួលបានសញ្ជាតិខ្មែរជាផ្លូវការកាលពីពេលកន្លងមកនេះបានបង្ហាញក្តីរីករាយជាខ្លាំង ក្នុងការចេញទៅប្រកួតអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី លើកនេះ។ សែន ច័ន្ទវិទ្ធីគុន និយាយថា ខ្លួនបានសិក្សាមើលបច្ចេកទេសប្រកួតរបស់ខ្លួន ដើម្បីស្វែងរកឱកាសដណ្តើមជ័យជម្នះសម្រាប់ជាតិខ្មែរ។ សែន ច័ន្ទវិទ្ធីគុន បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងដណ្តើមជ័យជម្នះក្នុងការប្រកួតអន្តរជាតិមួយនេះឲ្យទាល់តែបាន ដើម្បីកិត្តិយសជាតិ និងបង្ហាញពីវិស័យកីឡាប្រដាល់គុនខ្មែរ ជាពិសេសគឺតំណាងឲ្យប្រជាជនខ្មែរជាង១៦លាននាក់ ដែលឈរនៅក្រោយខ្នងរបស់លោក។
គួរបញ្ជាក់ថា ក្លិបប្រដាល់គុនខ្មែរពិភពលោករបស់លោកឧកញ៉ា ស្រី ចាន់ថន កំពុងប្រឹងប្រែងផ្សព្វផ្សាយ និងអភិវឌ្ឍប្រដាល់គុនខ្មែរទៅកាន់ពិភពលោកឲ្យ ប្រដាល់គុនខ្មែរកាន់តែល្បីល្បាញបន្ថែមទៀត។ ស្របពេល សែន ច័ន្ទវិទ្ធីគុន នេះ ទើបទទួលបានសញ្ជាតិខ្មែរ និងចេញវាយតំណាងគុនខ្មែរដំបូងកាលនៅអាល្លឺម៉ង់ ដោយយកឈ្នះកីឡាករអង់គ្លេស៕
កែសម្រួលអត្ថបទ៖vakhim