Man Utd ត្រៀម​ចាយ​លុយ ៦០ លាន​អឺរ៉ូ ថ្ពក់​ចូល​ខ្សែ​ការពារ​អាស៊ី​ថ្លៃ​បំផុត​ក្នុង​លោក

May 9, 2023 - 23:48
 2
ចែករំលែកទៅកាន់

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក​តារា​ឆ្នើម Kim Min-jae នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ បន្ទាប់​មើល​ឃើញ​ទម្រង់​លេង​ដ៏​ល្អ របស់​ខ្សែ​ការពារ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាន​ជាមួយ Napoli ដល់​លើក​ពាន​រង្វាន់ Serie A។

ជា​ការ​ពិត​កីឡាករ​វ័យ ២៦ ឆ្នាំ បាន​ចូល​មក​ជំនួស​តំណែង​ Kalidou Koulibaly ដែល Napoli ផ្ទេរ​ទៅ​ឲ្យ Chelsea ហើយ​ត្រឹម​រដូវ​កាល​ដំបូង បាន​ឃើញ​ផល​ជោគជ័យ និង​ការ​កើន​ឡើង​តម្លៃ​ខ្លួន ដល់​ល្មម​អាច​នាំ​ផល​ចំណេញ​ចូល​ក្លឹប​អាណាព្យាបាល​បាត់​ទៅ​ហើយ។

តាម​សារព័ត៌មាន​អ៊ីតាលី Correire dello Sport ចុះ​ផ្សាយ ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag បាន​មើល​ឃើញ​ទេពកោសល្យ​របស់​ខ្សែ​ការពារ​កណ្តាល​ខាង​លើ ហើយ​កំពុង​គិត​នឹង​លក់​ចេញ​រវាង Victor Lindelof ឬ​អាច​ជា Harry Maguire នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

យើង​មិន​ច្បាស់​ដំណើរការ​ផ្ទេរ​នឹង​សម្រេច​បាន​ឬ​អត់ ដ្បិត​សាមី​ខ្លួន​ផ្ទាល់ បាន​លើក​ឡើង​តាំង​ដើម​រដូវ​កាល៖ “វា​មាន​រឿង​ផ្ទេរ​ចេញ​ជា​ច្រើន​អំពី​ខ្ញុំ តែ​នេះ​ខ្ញុំ​ទើប​បាន​មក​ចូលរួម​នៅ Napoli ត្រឹម​រយៈ​ពេល ៦ ខែ​ប៉ុណ្ណោះ ហើយ​ចចាមអារ៉ាម​តែងតែ​រំខាន​ដល់​អាជីព​របស់​ខ្ញុំ”៕

ប្រភព៖ SportBible