ណារ៉ូ ប្រាប់មូលហេតុចូលនិវត្តន៍ពីជម្រើសជាតិ និងអរគុណអ្នកគាំទ្រ ទោះចាញ់ឈ្នះមិនបន្ទោសកីឡាករ
កីឡាករ បាល់ទះជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ហើយពីជម្រើសជាតិបាល់ទះ បន្ទាប់ពីជួយក្រុមដណ្តើមបានមេដាយ ប្រាក់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
ថ្លែងប្រាប់ Sabay ក្រោយចប់ការប្រកួតជាមួយក្រុមបាល់ទះ ឥណ្ឌូនេស៊ី ណារ៉ូ បានឱ្យដឹងថា “ឥណ្ឌូនេស៊ី ផ្នែកបាល់ទះ គេជាក្រុមខ្លាំងនៅអាស៊ាន ហើយខ្ញុំបានតាំងចិត្តដឹកនាំ ក្រុមលេងអស់ពីសមត្ថភាពហើយ។ យើងទទួលស្គាល់ថា ខាងវៃសេវីស គឺឥណ្ឌូនេស៊ី ធ្វើបានល្អមែនទែន ហើយខ្ញុំមិនបន្ទោសកូនក្រុមខ្ញុំទេ”។
កីឡាករ សួន ចាន់យារ៉ូ បានប្រកួតអាជីពបាល់ទះ១៤ឆ្នាំហើយ ដោយ កីឡាកររូបនេះបានថ្លែងទៅកាន់អ្នកគាំទ្រថា “អរគុណ អ្នកគាំទ្រទាំងអស់ ដែលពេលយើងចាញ់ មិនដែលបន្ទោស ហើយតែងតែនៅគាំទ្រពួកយើង”។ ណារ៉ូ បន្តថា “មូលហេតុដែលសម្រេចចូលនិវត្តន៍ពីជម្រើសជាតិ គឺដោយសារតែចង់ផ្តល់ឱកាស និងបទពិសោធន៍ដល់ក្មេងៗជំនាន់ក្រោយ និងមួយផ្នែកទៀត គឺដោយសារមានកាតព្វកិច្ចផ្ទាល់ខ្លួន” ។
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានឡើងយកឈ្នះ ថៃ ក្នុងលទ្ធផល ៣សិត ទល់ ២សិត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបន្ទាប់មកបានឡើងទៅជួប ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។ លទ្ធផល ក្រុមឥណ្ឌូនេស៊ី បានឈ្នះ កម្ពុជា ក្នុងលទ្ធផល ៣សិត ទល់ ០។ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទទួលបានមេដាយប្រាក់ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២នេះ៕
ប្រភព:sabay new
៖ vakhi