Andres Iniesta នឹងលេងប្រកួតចុងក្រោយសម្រាប់ Vissel Kobe ទល់នឹង Barcelona
កាលពីថ្ងៃអង្គារម្សិលមិញនេះ មានការប្រកាសថា Barcelona នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅរដូវក្ដៅខាងមុខ ដើម្បីចូលរួមការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាល ទល់នឹង Vissel Kobe ដែលជាក្លិប Andres Iniesta កំពុងលេងឱ្យ។
ការប្រកួត នឹងត្រូវបានធ្វើឡើងនាថ្ងៃទី ៦ ខែមិថុនា ក្នុងកីឡដ្ឋានជាតិជប៉ុន ក្នុងទីក្រុងតូក្យូ ដែលមានការរំពឹងថា Iniesta នឹងលេងតទល់ជាមួយក្លិបចាស់របស់ខ្លួន។
យោងតាមប្រភពពី Relevo បានរាយការណ៍ថា ប្រកួតនេះ អាចជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ Iniesta សម្រាប់ក្លិប Vissel Kobe។
កាលពីសប្ដាហ៍មុន មានការរាយការណ៍ថា អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានត្រៀមខ្លួន ក្នុងការចាកចេញពីជប៉ុន ដើម្បីបន្ដដំណើរអាជីពរបស់ខ្លួន ដោយគោលដៅបន្ទាប់អាចជា ក្លិបនៅអាមេរិក ឬអារ៉ាប៊ី សាអ៊ូឌីត៕
ប្រភព៖ Football Espana