Henry ថា​តាំង​ពី​ចេះ​មើល​បាល់ អត់​ដែល​ឃើញ​កីឡាករ​ណា​ឈ្លាសវៃ​ដូច De Bruyne ទេ

May 12, 2023 - 04:20
 7
ចែករំលែកទៅកាន់

អតីត​ជើង​ចាស់​លោក Thierry Henry បាន​សរសើរ​មិន​ដាច់​ពី​មាត់​ដល់​ទេពកោសល្យ ភាព​ច្នៃប្រឌិត​នៃ​ការ​គិត​រហ័ស​លើ​ទីលាន​របស់ Kevin de Bruyne បន្ទាប់​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ ទល់​ក្លឹប​អធិរាជ​ស Real Madrid ក៏​ជា​ចំណែក​ធំ​នៅ​លទ្ធផល​ស្មើ ១-១ ឲ្យ City។

បើ​ទោះ​បី Henry ធ្លាប់​ឆ្លង​កាត់​ការ​លេង​ក្នុង​ជំនាន់ Lionel Messi, Dennis Bergkamp, Zinedine Zidane, Xavi ឬ Andres Iniesta សុទ្ធ​សឹង​ជា​កីឡាករ​ឈ្លាសវៃ​ក្នុង​ការ​ប្រើប្រាស់ IQ លើ​ទីលាន តែ​ក៏​នៅ​សរសើរ De Bruyne ថា​ឈ្លាសវៃ​ដាច់​គេ​ក្នុង​លោក។

Henry ​ប្រាប់​ទៅ​ប៉ុស្តិ៍ CBS Sports Golazo យ៉ាង​ដូច្នោះ៖ “គេ​ធ្វើ​វា​បាន​ល្អ​ណាស់​ថ្ងៃ​នេះ ខ្ញុំ​អត់​គិត​ថា​គេ​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​អ្វី​ទេ តែ​គ្រាប់​បាល់​គឺ​ពិត​សំខាន់ ដោយ​ខ្ញុំ​ធ្លាប់​ហែល​កាត់​កីឡាករ​ជា​ច្រើន លេង​ទល់​អ្នក​ល្អៗ​ជា​ច្រើន តែ​ខ្ញុំ​នៅ​តែ​ថា Kevin ជា​មនុស្ស​ខួរក្បាល​ល្អ​បំផុត ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ”។

លោក​បន្ត៖ “ដោយសារ​ការ​គិត​របស់​គេ​នេះ​ហើយ ដូច​កន្លែង​ខ្លះ ខ្ញុំ​មើល​ក៏​អត់​ដឹង​ថា​វា​នឹង​ទៅ​ជា​បែប​ណា តែ​គេ​អាច​បង្កើត​បញ្ហា​ទៅ​លើ​អ្នក​បាន ត្រង់​អ្នក​មិន​បាន​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​ដូច​ជា​គេ នេះ​គេ​ប្រៀប​ដូច​ជា​កីឡាករ​ដែល​លេចចេញ​ពី​ភព​មួយ​ផ្សេង​ទៀត​អ៊ីចឹង”៕

ប្រភព៖ SportBible