Gundogan ស៊ូ​កាត់​បន្ថយ​ប្រាក់​ឈ្នួល ឲ្យ​តែ​បាន​ចេញ​ពី City ផ្លាស់​ទៅ​ចុះចូល​នៅ Barcelona

May 16, 2023 - 03:24
 3
ចែករំលែកទៅកាន់

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់ Ilkay Gundogan ត្រូវ​បាន​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ការ​ផ្ទេរ​ទៅ​ក្លឹប​ថ្មី Barcelona ជា​ខ្លាំង ដ្បិត​បើ​ដឹង​ថា ការ​ទៅ​ចុះចូល​នៅ​ទី​នោះ នឹង​តម្រូវ​ឲ្យ​ខ្លួន​កាត់​បន្ថយ​ប្រាក់​ឈ្នួល​មួយ​ផ្នែក​ធំ​ក៏​ពិត​មែន។

តាម​កាសែត Mundo Deportivo ចុះ​ផ្សាយ Gundogan នឹង​សុខ​ចិត្ត​កាត់​ប្រាក់​ឈ្នួល​ខ្លួន​ឯង ពោល​ទទួល​ទាប​ជាង​មុន​ឆ្ងាយ​ក៏​ដោយ ឲ្យ​តែ​បាន​ផ្ទេរ​ទៅ​ក្លឹប​ម្ចាស់ដី Camp Nou។ តាម​ដំណឹង​លេចលឺ​មក ខាង​ក្លឹប​អេស្ប៉ាញ​ចង់​ផ្តល់​កុងត្រា​ថ្មី ៣ ឆ្នាំ​ឲ្យ​កីឡាករ ខណៈ​ខាង City ប្រុង​បន្ត​ថ្មី​ថែម​ ១ ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

ចំណុច​នេះ កីឡាករ​វ័យ ៣២ ឆ្នាំ​មើល​ឃើញ​ថា ភាព​នឹងធឹង​យូរ​អង្វែង​ទៅ​មុខ គឺ​ជា​រឿង​ល្អ​សម្រាប់​អាជីព​ខ្លួន ពោល​មិនមែន​ជា​ការ​ក្តោប​ប្រាក់​ដ៏​ច្រើន​សន្ធឹក​នោះ​ឡើយ។ មួយ​ផ្សេង​ទៀត Gundogan គិតគូរ​ចង់​រក​កន្លែង​សមគួរ​ឲ្យ​ក្រុម​គ្រួសារ ប្រពន្ធ​កូន​រស់​នៅ​បាន​ជាប់លាប់ ជា​ជាង​ការ​ប្តូរ​ចេញ​ឥត​គោលដៅ។

គួរ​ឲ្យ​ដឹង​ថា​រដូវ​កាល ២០២២/២៣ គេ​បង្ហាញ​ខ្លួន​សរុប ៤៦ ប្រកួត ក៏​រក​បាន ៧ គ្រាប់​និង Assist ៦ លើក ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola។ កីឡាករ​លេង​តំណែង​បម្រើ នឹង​មាន​វត្តមាន​ជា​ថ្មី​នៅ​ការ​ប្រកួត​ជើង​ទី ២ ទល់ Real Madrid នា​កំឡុង​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ បន្ទាប់​ព្យួរ​ឈ្មោះ​ក្រោយ​គ្រប់​ចំនួន​កាត​ពិន័យ​របស់ UEFA៕

ប្រភព៖ Mundo Deportivo