លេងពីរប្តូរមួយ Chelsea ចង់ប្រគល់ Pulisic+Ziyech ជាថ្នូរប្តូរស្មើយក Rafael Leao
ដោយសារមើលឃើញគុណភាពខ្សែប្រយុទ្ធស្លាប Rafael Leao ធ្វើបានល្អខ្លាំងនៅពេលចុងក្រោយ ក៏នាំឲ្យកើតការចាប់អារម្មណ៍ពីសំណាក់ក្លឹបតោខៀវ Chelsea ហើយដាក់គោលដៅធំ សម្រាប់ទីផ្សារដោះដូរខាងមុខ និងរំពឹងហ៊ានចាយកីឡាករដល់ទៅ ២ រូប ឲ្យតែប្តូរបានកីឡាករសញ្ជាតិព័រទុយហ្គាល់មួយ។
តាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា ក្លឹបដឹកនាំដោយម្ចាស់លោក Todd Boehly បានដាក់សំណើថ្មីសន្លាងទៅកាន់ក្លឹបអ៊ីតាលី AC Milan ដោយសាកសួរអំពីលទ្ធភាពនាំយក Leao ហើយថា នឹងផ្តល់ជូនកីឡាករ Christian Pulisic បន្ថែមនឹង Hakim Ziyech មួយរូបទៀត ដើម្បីដោះដូរត្រលប់មកវិញ។
យ៉ាងណាតាមដំណឹងឆ្លើយតបខាងក្លឹបដឹកនាំដោយលោក Stefano Pioli គឺមិនចាប់ចិត្តលើគុណភាពស្លាបប្រយុទ្ធរបស់តោខៀវនោះទេ ផ្ទុយទៅវិញ លុះត្រាតែខាងក្លឹបអង់គ្លេសព្រមដើរតាមផ្លូវចាយលុយធំ គឺបង់ប្រាក់ផ្តាច់កុងត្រា ១៣១ លានផោនជាកំហិត។
គួរឲ្យដឹងថា កីឡាករឈរជើងនៅ Serie A ទើបតែចុះហត្ថលេខាកុងត្រាថ្មី មានសុពលភាពដល់ចុងខែមិថុនា ឆ្នាំ ២០២៨។ ស្ថិតិរដូវកាលនេះ បង្ហាញខ្លួនសរុប ៤៤ ប្រកួត ក៏រកបាន ១៣ គ្រាប់និង Assist ១៣ លើកផងដែរ៕
កែសម្រួលអត្ថបទ៖vakhim
ប្រភព៖ FotMob