Mendes កំពុងរត់ការឱ្យ Cancelo ផ្ទេរទៅចូលរួមជាមួយក្លិប R.Madrid នៅរដូវក្តៅខាងមុខ

May 17, 2023 - 03:57
 3
ចែករំលែកទៅកាន់

យោងតាមសារព័ត៌មាន El Nacional ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ភ្នាក់ងាររបស់ខ្សែការពារ Joao Cancelo គឺលោក Jorge Mendes កំពុងរត់ការផ្តល់ជូនរូបគេ ទៅឱ្យក្លិប Real Madrid នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ បើទោះបីជាកន្លងមកធ្លាប់មានទំនាក់ទំនងជាមួយក្លិប Barcelona ក្តី ។

ជាក់ស្តែង Cancelo បានសម្រេចចិត្តចាកចេញពីក្រុម Man City កាលពីក្នុងខែមករា បន្ទាប់មានសេចក្តីរាយការណ៍ថាគេមានរឿងចម្រូងចម្រាស់ជាមួយអ្នកចាត់ការក្រុមលោក Pep Guardiola និងបានផ្ទេរទៅចូលរួមជាមួយ Bayern ក្នុងលក្ខខណ្ឌខ្ចីជើង ។

យ៉ាងណាមិញ ភ្នាក់ងាររបស់ Cancelo គឺលោក Mendes ត្រូវបានគេរាយការណ៍ធ្លាប់បានផ្តល់ជូនខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះ ទៅកាន់ក្លិប Barcelona នៅពេលដឹងថាគេគ្មានសង្ឃឹមអាចវិលទៅចូលរួមជាមួយក្រុម Man City វិញនោះឡើយ ។

តែទោះជាយ៉ាងណា បើតាម El Nacional ឥឡូវនេះ បានបង្ហាញថា លោក Mendes ក៏បានផ្តល់ឱកាសដល់ក្រុមគូប្រជែងរបស់ Barcelona គឺក្លិប Real Madrid ក្នុងការចូលរួមប្រជែង ដើម្បីចុះហត្ថលេខាលើ Cancelo ផងដែរ នៅទីផ្សារខាងមុខនេះ ។

ជម្រាបជូនផងដែរថា ក្លិប Madrid មានបំណងចង់ពង្រឹងតំបន់ការពារស្លាបរបស់ខ្លួនបន្ថែមទៀត ដោយកីឡាករ Dani Carvajal ហាក់មិនស្ថិតនៅក្នុងផែនការរយ:ពេលវែងសម្រាប់ក្រុមនោះឡើយ ស្របពេលខ្សែការពារ Alvaro Odriozola ក៏ទំនងអាចជាត្រូវចាកចេញ ផងដែរ ៕

ប្រភព: Sportskeeda