មេធំ Laporta បញ្ជាក់ថា Barca កំពុងធ្វើការខ្លាំង ដើម្បីនាំយក Messi ត្រលប់មកកាន់ក្លិបវិញ
ប្រធានក្លិប Barcelona លោក Joan Laporta ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ក្លិបរបស់លោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងណា ដែលអាចធ្វើទៅបាន ដើម្បីព្យាយាមនាំយកខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកកាន់ទឹកដី Camp Nou វិញ នៅរដូវក្តៅខាងមុខនេះ ។
ជាការពិតណាស់ Messi ធ្លាប់បានធ្វើឱ្យពិភពបាល់ទាត់មានភាពភ្ញាក់ផ្អើលខ្លាំង កាលពីឆ្នាំ ២០២១ នៅពេលដែលគេសម្រេចចិត្តចាកចេញពីក្លិបយក្សកាតាឡាន់ និងផ្ទេរទៅចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន នៅពេល Barca គ្មានលទ្ធភាពបន្តកុងត្រាថ្មីដល់គេបាន ។
យ៉ាងណាក៏ដោយ នៅក្នុងរយ:ពេលថ្មីៗនេះចុងក្រោយនេះ Messi ត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថានឹងអាចដើរចេញពីក្លិប PSG វិញ ចំពេលមានការផ្តល់ជូនយ៉ាងច្រើនសម្បើមពីសំណាក់ក្លិបនៅអារ៉ាប៊ីសាអូឌីត ប៉ុន្តែការវិលត្រលប់ទៅកាន់ក្លិប Barca វិញ ក៏នៅតែជារឿងអាចនឹងកើតឡើងបានផងដែរ ។
យ៉ាងណាមិញ ជុំវិញស្ថានភាពបែបនេះ លោក Laporta បាននិយាយបន្ទាប់ពីក្លិបរបស់គាត់បានឈ្នះពាន La Liga ថា Barca នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងណាទាំងអស់ ដើម្បីនាំយកខ្សែប្រយុទ្ធអាហ្សង់ទីនត្រលប់មកកាន់ទឹកដី Camp Nou វិញ ។
លើសពីនេះ ប្រធានក្លិបរូបនេះ បានប្រាប់ទៅកាន់ Jijantes FC ថា ៖ ” យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីនាំយក Messi ត្រលប់មកកាន់ Barcelona វិញ។ យើងកំពុងធ្វើការលើវាសម្រាប់ឆ្នាំក្រោយរួចរាល់ហើយ។ យើងសង្ឃឹមថានឹងអាចពង្រឹងក្រុមរបស់យើងបន្ថែមទៀត “៕
ប្រភព: Sportsmole