Xhaka ប្រាប់ក្លិបថានឹងដើរចេញនៅរដូវក្តៅខាងមុខនេះ ក្រោយព្រមផ្ទេរទៅក្លិបអាល្លឺម៉ង់
ថ្មីៗនេះ កីឡាករ Granit Xhaka បានបង្ហាញពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅចុងបញ្ចប់រដូវកាលនេះ ចំពេលមានរបាយការណ៍ជាច្រើនបញ្ជាក់ថាគេកាន់តែខិតជិតក្នុងការយល់ព្រមលើលក្ខខណ្ឌ ទៅចូលរួមជាមួយក្លិប Bayer Leverkusen ។
ជាក់ស្តែង កីឡាករវ័យ ៣០ ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់លីគរបស់ Arsenal នៅរដូវកាលនេះ ដោយអាចរកបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ៧ លើក ។
យ៉ាងណាមិញ Xhaka នៅតែសល់កុងត្រារយ:ពេល ១ ឆ្នាំទៀតជាមួយក្រុម Arsenal ប៉ុន្តែយ៉ាងណាក៏ដោយ ខ្សែបម្រើសញ្ជាតិស្វីសរូបនេះ បានបង្ហើបថាគេគ្រោងនឹងដើរចេញពីទឹកដី Emirates នៅរដូវក្តៅខាងមុខនេះ ក្រោយចាយពេលអស់ ៧ ឆ្នាំំ ។
មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញផ្នែកទីផ្សារដោះដូរ លោក Fabrizio Romano ឥឡូវនេះ បានអះអាងថាក្លិបអាល្លឺម៉ង់ Leverkusen កំពុងស្ថិតក្នុងការពិភាក្សា ដើម្បីចុះហត្ថលេខាលើ Xhaka ក្នុងកិច្ចព្រមព្រៀងតម្លៃ ១៥ លានអឺរ៉ូ (១៣ លានផោន) ហើយលក្ខខណ្ឌផ្ទាល់ខ្លួន គឺកៀកនឹងយល់ព្រមហើយ ៕
ប្រភព: Metro