Ronald Araujo បើកផ្លូវក្នុងការស្វាគមន៍ Messi ត្រលប់ទៅ Barcelona វិញ
Barcelona បានសម្រេចគោលដៅដ៏ល្អប្រសើរមួយក្នុងរដូវកាលនេះ ដោយពួកគេបានធានាក្នុងការគ្រងតំណែងជើងឯក La Liga ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក។
ភាពជោគជ័យរបស់ក្រុមដឹកនាំដោយលោក Xavi Hernandez ទទួលបានពីការរួមចំណែកយ៉ាងច្រើនពីតំបន់ការពារ ដោយពួកគេរបូតគ្រាប់បាល់តែ១៣គ្រាប់ប៉ុណ្ណោះ ពីការលេង៣៤ប្រកួតក្នុងលីគ។
Ronald Araujo ដែលជាសមាជិកម្នាក់ក្នុងតំបន់ការពាររបស់ Barcelona បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួន អំពីលទ្ធភាពដែល Lionel Messi អាចត្រលប់មក Barcelona វិញ នៅរដូវក្ដៅនេះ។
កីឡាករអ៊ុយរូហ្កាយបាននិយាយថា៖ “យើងមិនបាននិយាយរឿងនេះ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេ ប៉ុន្ដែកីឡាករដូចជាគាត់ នឹងនៅតែត្រូវបានស្វាគមន៍មក Barcelona”។
La Liga នឹងសម្រេចចិត្តចំពោះការស្នើសុំរបស់ Barcelona ពាក់ព័ន្ធនឹងលទ្ធភាពហិរញ្ញវត្ថុ ដើម្បីអាចនាំយក Messi ត្រលប់មកវិញ ស្របពេលដែលកិច្ចសន្យារបស់ខ្សែប្រយុទ្ធអាហ្សង់ទីន ជាមួយ PSG នឹងផុតសុពលភាពនៅរដូវក្ដៅនេះ៕
ប្រភព៖ Football Espana