អ្នកមានទ្រព្យធំនៅដីអាល្លឺម៉ង់ ចង់ចាត់ចែងយក Ronaldo មកចូលរួមជាមួយ Bayern Munich
Cristiano Ronaldo ហាក់មិនឃើញពីការមិនសប្បាយចិត្ត ឬបំណងចង់ចាកចេញអ្វីនោះទេ បើពេលវេលាដំបូងជាមួយក្លឹប Al Nassr មិនសម្រេចផ្លែផ្កាដូចការរំពឹងទុកក៏ពិតមែន។ ទន្ទឹមនឹងកុងត្រាសេសសល់ជាងមួយឆ្នាំទៀតផង ហេតុនេះក៏កីឡាករព័រទុយហ្គាល់ មានតែរីករាយនឹងការបន្តនៅ។
យ៉ាងណាតាមសារព័ត៌មាន Abendzeitung ចុះផ្សាយ ថាអ្នកមានទ្រព្យ ក៏ជាអ្នកជំនួញល្បីឈ្មោះមួយរូបនៅប្រទេសអាល្លឺម៉ង់លោក Markus Schon បានប្រាប់ទៅក្លឹប Bayern Munich ឲ្យចាត់ចែងនាំយក CR7 ចេញពីក្លឹបនៅអារ៉ាប៊ីសាអូឌីត មកចូលរួមនៅក្របខ័ណ្ឌថ្មី ជាជំហានបន្ទាប់ផ្សេងទៀតក្នុងអាជីព។
ផែនការណ៍នេះបើសម្រេចទៅបាន លោកនឹងចូលរួមជួយពីក្រោយ ទៅតាមអ្វីដែលអាចធ្វើបាន ពោលឲ្យតែបានវត្តមានកីឡាករវ័យ ៣៨ ឆ្នាំមកកាន់ទឹកដីអឺរ៉ុបម្តងទៀត។ ខាងក្រុមហ៊ុនរបស់បុគ្គលខាងលើ អះអាងថានឹងជួយចេញថ្លៃខ្ចីជើង ឬថ្លៃផ្ទេរណាមួយ ដែលក្រុមហ៊ុនអាចផ្តល់ឲ្យបាន ប៉ុន្តែត្រលប់មកវិញ គឺសុំចែកភាគរយនូវចំណូលពីការលក់អាវមួយចំនួននាពេលបន្ទាប់។
នេះបើជាការពិត គឺវាជាប្រវត្តិសាស្រ្តថ្មីទៀតហើយ ដែល Ronaldo អាចមកចូលរួមនៅក្លឹបថ្មី ក្នុងក្របខ័ណ្ឌថ្មីសន្លាងផ្សេងទៀត។ គួរឲ្យដឹងបន្តិច បច្ចុប្បន្នកីឡាករលេងតំណែងស្លាបប្រយុទ្ធខាងឆ្វេង អាចរកបានខ្ទង់រយលានអឺរ៉ូនៅមួយរដូវកាលជាមួយ Al Nassr ដែលទំហំនេះជឿថា នឹងមិនអាចកើតឡើងឡើយជាមួយក្លឹបនៅអឺរ៉ុប៕
ប្រភព៖ BeSoccer