តាំងពីធ្វើគ្រូបង្វឹក Mourinho ថាមានតែក្លិបមួយគត់ដែលលោកគ្មានអារម្មណ៍ស្រណោះអាល័យ
អ្នកចាត់ការរបស់ Roma លោក Jose Mourinho បាននិយាយថា Tottenham Hotspur ជាក្លិបតែមួយគត់លោកធ្លាប់ដឹកនាំ ដែលមិនមានអារម្មណ៍ស្រលាញ់ដូចក្លិបដទៃផ្សេងទៀត។
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់រូបនេះ បាននិយាយបែបឌឺដងទៅកាន់ នាយកក្លិបមាន់ខ្នាយមាសលោក Daniel Levy ចំពោះការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក មុនពេលការប្រកួតផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Manchester City ដែលធ្វើឱ្យលោកចាកចេញពីក្លិប ដោយគ្មានឈ្នះពានអ្វីទាំងអស់។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Mourinho បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា ពាក្យរបស់ខ្ញុំ មិនត្រូវបានបកប្រែខុសទៅចុះ ប៉ុន្ដែក្លិបតែមួយនៅក្នុងអាជីពរបស់ខ្ញុំ ដែលមិនមានអារម្មណ៍ស៊ីជម្រៅគឺមានតែ Tottenham ប៉ុណ្ណោះ”។
“ប្រហែលជាដោយសារតែ នៅក្នុងអំឡុងពេលដែលខ្ញុំនៅដឹកនាំ កីឡដ្ឋានគឺទទេ ដោយសារកូវីដ ព្រោះប្រធានក្លិប Levy មិនបានផ្ដល់ពេលវេលាឱ្យខ្ញុំច្រើននោះទេ។ នៅក្នុងក្លិបទាំងអស់ផ្សេងទៀត តែងតែមានភាពស៊ីជម្រៅ”។
“វាមិនមែនអាស្រ័យលើការឈ្នះ ឬការចាញ់នោះទេ។ អ្នកគាំទ្រយល់ថា ខ្ញុំព្យាយាមសម្រាប់ពួកគេរៀងរាល់ថ្ងៃ។ នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំគឺជា Romanista(អ្នកគាំទ្រក្លិប Roma), Madrista(អ្នកគាំទ្រ Real Madrid) និង Interista(អ្នកគាំទ្រ Inter) ហើយវាជារឿងដែលស្រដៀងគ្នា។ ខ្ញុំនៅតែមានការផ្សាភ្ជាប់ជាមួយ Roma និងក្លិបដទៃដែលខ្ញុំធ្លាប់ដឹកនាំ”៕
ប្រភព៖ Goal