គ្រូធំ Southgate ទទូចឱ្យ Maguire ដើរចេញពី Man Utd បើចង់រក្សាតំណែងនៅជម្រើសជាតិ

May 27, 2023 - 02:57
 3
ចែករំលែកទៅកាន់

ថ្មីៗនេះ អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានធ្វើការព្រមានចំៗទៅលើខ្សែការពារ Harry Maguire ថាគេគួរតែដល់ពេលហើយ ដើម្បីត្រូវដើរចេញពីក្លិបបិសាចក្រហម Manchester United ដើម្បីអាចរក្សាតំណែងនៅជម្រើស ១១ នាក់ដំបូង ក្នុងក្នុងជម្រើសជាតិបន្តទៀត ។

ជាការពិតណាស់ Maguire ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់មួយ សម្រាប់ក្រុមរបស់លោក Southgate ដែលបានដឹកនាំក្រុមអង់គ្លេសចូលទៅកាន់តែជ្រៅនៅក្នុងការប្រកួត World Cup ពីរលើកចុងក្រោយ និងពានរង្វាន់ជើងឯកអឺរ៉ុប នាពេលថ្មីៗនេះផងដែរ។

តែទោះបីជាយ៉ាងណាក៏ដោយ ភាពលេចធ្លោរបស់គេ នៅក្នុងក្រុម United ហាក់ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមិនអាចប្រជែងយកតំណែងទៀងទាត់នោះឡើយ នៅរដូវកាលនេះ ដោយ Raphael Varane និង Lisandro Martinez ឥឡូវនេះ កំពុងក្លាយជាជម្រើសដំបូងសម្រាប់ក្រុមលោក Erik ten Hag នៅតំបន់ការពារកណ្តាលរបស់ក្រុម ។

បន្ទាប់ពីបានមើលឃើញពីស្ថានភាពបែបនេះ ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Southgate បានសារភាពថា វាមិនអាចបណ្តោយឱ្យរឿងនេះបន្តក្នុងរយៈពេលយូរទៀតបានឡើយ ខណ:លោកថែមទាំងបានណែនាំប្រាប់ Maguire និងរួមទាំងកីឡាករ Kalvin Phillips របស់ Manchester City ប្រហែលជាត្រូវស្វែងរកដំណោះស្រាយផ្សេង ឬមួយត្រូវរកក្លិបថ្មី ដើម្បីបានលេងទៀងទាត់ជាងនេះ ៕

ប្រភព: Metro