Guardiola ហៅទូរស័ព្ទទៅសួរនាំស្ថានភាព Neymar សិក្សាលទ្ធភាពផ្ទេរមក Man City
បើតាមរបាយការណ៍សារព័ត៌មាន L’Equipe ចុះផ្សាយ ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Pep Guardiola បាននឹងកំពុងទាក់ទងទៅកាន់ Neymar Jr ដោយផ្ទាល់ ដើម្បីសាកសួរអំពីលទ្ធភាពផ្ទេរគេមកចូលរួមនៅទឹកដីអង់គ្លេស នារដូវកាលបន្ទាប់។
បច្ចុប្បន្នកីឡាករប្រេស៊ីលសេសសល់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ តែវត្តមានរបស់គេនៅក្លឹបស្ថិតក្នុងទីក្រុងប៉ារីសហាក់លែងសំខាន់ដូចមុន គួបផ្សំនឹងរបួសញាំញីម្តងម្កាលផង ក៏នាំឲ្យផ្លូវចាកចេញសម្រាប់ Neymar អាចកើតឡើងនៅភាគរយខ្ពស់ នាទីផ្សាររដូវក្តៅខាងមុខ។
មានចចាមអារ៉ាមផ្សារភ្ជាប់ឈ្មោះរបស់គេ ទៅកាន់ក្លឹប Man United, Chelsea និង Newcastle ក៏រួមផ្សំទាំង City ថែមទៀតផងដែរ។ ប្រភពបានឲ្យដឹងថា Pep បានហៅទូរស័ព្ទទៅជជែករវាង Neymar ដោយផ្ទាល់ ពោលចង់ដឹងច្បាស់អំពីការគិត ឬចេតនារបស់គេ នៅពេលវេលាខាងមុខ។
ទោះយ៉ាងណាមានភាគរយទាបណាស់ការផ្ទេរកីឡាករវ័យ ៣១ ឆ្នាំ មក Etihad អាចកើតឡើងទៅបាន ក៏ដោយសារតែទំហំប្រាក់ឈ្នួលជារឿងត្រូវជជែកមួយផ្នែក និងលក្ខខណ្ឌមួយផ្សេងទៀតគឺតម្លៃខ្លួនត្រូវទូទាត់ឲ្យ PSG ក៏មិនជាទាបនោះដែរ៕
ប្រភព៖ L’Equipe