គ្រប់ល្មម Ronaldo នឹងក្លាយជាកីឡាករដំបូងក្នុងលោក បង្ហាញខ្លួន ២០០ ប្រកួតឲ្យជម្រើសជាតិ
Cristiano Ronaldo បានសម្រេចរួចរាល់ហើយ អំពីការស្ថិតក្នុងបញ្ជីឈ្មោះកោះហៅរបស់អ្នកចាត់ការជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ប្រកួតវគ្គជម្រុះបឋម Euro 2024 នាខែមិថុនាខាងមុខ។ នេះរាប់ជារឿងគួរឲ្យចាប់អារម្មណ៍ បើទោះបីពេលចុងក្រោយកីឡាករធ្លាក់ទម្រង់លេង គាប់ជួនខាងក្រុមបញ្ចខែលឯណោះ ក៏មានយុវជនល្អៗមកច្រើនបន្តកន្ទុយគ្នា។
ការប្រកួតមិនទាន់មកដល់ផង តែអ្នកកត់ត្រាកំណត់ត្រានានាក៏បានរៀបចំទិន្នន័យរួចរាល់ ដូចជាមួយ CR7 គឺប្រុងនឹងបំបែកកំណត់ត្រាខ្លួនឯង ក្នុងនាមកីឡាករបង្ហាញខ្លួនលើកទី ២០០ ឲ្យជម្រើសជាតិដំបូងគេបង្អស់ក្នុងលោក។
សព្វថ្ងៃលោកឈរលេខរៀងទី ១ ហើយ មាន ១៩៨ ប្រកួត ដោយឡែកពេលខាងមុខ កាលវិភាគត្រូវជួបបូរស្នៀ នៅថ្ងៃទី ១៨ មិថុនា និងប៉ះអ៊ីស្លង់នៅថ្ងៃទី ២១ មិថុនា គឺគម្រប់ប្រកួតទី ២០០ ល្មមនឹងចារកំណត់ត្រាថ្មីតែម្តង ប្រសិនលោកអាចចូលរួមទាំងពីរប្រកួត ដូចការគ្រោងទុក។
គួរឲ្យដឹង បើតាមដំណឹងពេលវេលានេះ CR7 បានដកខ្លួនពីការប្រកួតឲ្យក្លឹប Al Nassr ហើយ បើទោះបីសេសសល់មួយប្រកួតទៀតមុនបិទរដូវកាល Saudi Pro League ទំនងមកពីច្បាស់អំពីការអស់ឱកាសប្រជែងពានរបស់ក្លឹប។ កីឡាករវ័យ ៣៨ ឆ្នាំល្ហៀងៗ ស្ថិតក្នុងដំណើរកម្សាន្តវិស្សមកាលរយៈពេលខ្លី ជាមួយក្រុមគ្រួសារ មុនហោះចូលប្រទេសកំណើត ជួបជុំការហ្វឹកហាត់ជាមួយជម្រើសជាតិ៕
ប្រភព៖ Twitter