Kane ហាក់មើលឃើញ Man Utd ជាគោលដៅមួយគត់ បើត្រូវដើរចេញពី Spurs
ថ្មីៗនេះ មានរបាយការណ៍ជាច្រើន កំពុងចុះផ្សាយពីស្ថានភាពអានគតរបស់ខ្សែប្រយុទ្ធឆ្នើម Harry Kane នៅក្នុងក្លិប Tottenham Hotspur ប៉ុន្តែយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់បង្ហាញថាគេមិនចង់ចាកចេញពីក្របខ័ណ្ឌ Premier League នៅរដូវក្តៅខាងមុខនេះឡើយ។
ជាការពិតណាស់ Kane នៅសល់កុងត្រារយ:ពេលមួយឆ្នាំទៀត ជាមួយក្រុម Spurs ស្របពេលគ្រូបង្វឹកលោក Erik ten Hag កំពុងដាក់គោលដៅលើខ្សែប្រយុទ្ធរូបនេះ ថាជាជម្រើសកំពូលរបស់ខ្លួន ដើម្បីយកមកពង្រឹងក្រុម Man Utd បន្ថែមទៀត ។
ប៉ុន្តែទោះជាយ៉ាងណា ប្រធានក្លិប Spurs លោក Daniel Levy ហាក់គ្មានបំណងលក់ Kane ទៅឱ្យក្រុមគូប្រជែងណាមួយ នៅ Premier League នោះឡើយ និងថែមទាំងបានបដិសេធសំណើផ្តល់ជូនលើស ១០០លានផោន បើទោះបីជាដឹងថាអាចនឹងប្រឈមមុខជាមួយនឹងការបាត់បង់គេដោយគ្មានតម្លៃផ្ទេរ នៅឆ្នាំក្រោយក៏ដោយ ។
យ៉ាងណាមិញ មានការរំពឹងទុកជាច្រើន បានបង្ហាញថា ក្លិប Spurs អាចនឹងពិចារណាលក់ Kane ទៅឱ្យក្លិបនៅក្រៅប្រទេសច្រើនជាង បន្ទាប់ពីមើលឃើញពីចំណាប់អារម្មណ៍របស់ក្លិប Bayern Munich និង Real Madrid ។
ប៉ុន្តែបើតាមកាសែត The Sun ថ្មីៗនេះ កំពុងរាយការណ៍ថា Kane ហាក់គ្មានបំណងចាកចេញពីប្រទេសអង់គ្លេសនោះឡើយ ជាពិសេសនៅពេលគេកំពុងព្យាយាមតាមកំណត់ត្រាគ្រាប់បាល់ នៅ Premier League របស់ជើងចាស់ Alan Shearer ហើយមើលឃើញថា Manchester United អាចជាគោលដៅតែមួយគត់ ប្រសិនបើគេត្រូវចេញពី Spurs ៕
ប្រភព: Metro