Jack Grealish ថា​អត់​ដឹង​ទាំង​ខ្លួន​ឯង​បង្ក​កំហុស​ផង តែ​យ៉ាង​ណា​អរគុណ Gundogan ​ជា​ពិសេស

Jun 6, 2023 - 10:11
 4
ចែករំលែកទៅកាន់

តាម​ថា​ក្លឹប​មេឃ​ខៀវ Manchester City កាល​ពី​យប់មិញ ទន្ទឹម​នឹង​ជ័យជម្នះ​លើក​ពាន​រង្វាន់ ពួក​គេ​ក៏​អាច​ចារ​កំណត់ត្រា​ជា​ក្លឹប​មិន​របូត​សូម្បី​មួយ​គ្រាប់​នៅ​ក្របខ័ណ្ឌ FA Cup ពេញ​មួយ​រដូវ​កាល តែ​សោកស្តាយ​បែរ​ត្រូវ​ភ្លាត់​នឹង​ផ្តល់​មួយ​គ្រាប់​ជូន Manchester United ​ក៏​ដោយសារ​បាល់​ពិន័យ ១១ ម៉ែត្រ។

វា​ជា​កំហុស​របស់ Jack Grealish ក្រោយ​អាជ្ញាកណ្តាល​ឆែក​មើល​ប្រព័ន្ធ VAR ឃើញ​ថា​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​បាន​រារាំង​បាល់​ដោយ​ប៉ះ​ត្រង់​ផ្នែក​ដៃ ក្នុង​ប្រអប់​គ្រោះថ្នាក់ ហើយ​តាម​ការ​សម្រេច​របស់​អាជ្ញាកណ្តាល​ក៏​ផ្តល់​ជូន​បាល់​ប៉េណាល់ រួច Bruno Fernandes ជា​អ្នក​ស៊ុត​យក​តាម​ស្មើ ១-១ ពេល​អ្នកចាំទី Stefan Ortega លោត​ទៅ​ខុស​ខ្យល់​បាល់។

ងាក​ទៅ​ការ​លើក​ឡើង​របស់ Grealish ប្រាប់​ប៉ុស្តិ៍ BBC ក្រោយ​ចប់​ការ​ប្រកួត៖ “ខ្ញុំ​និយាយ​ស្មោះត្រង់ ខ្ញុំ​អត់​ដឹង​ថា​វា​ជា​កំហុស នាំ​ឲ្យ​កើត​បាល់​ប៉េណាល់ទី​ផង នេះ​ខ្ញុំ​អត់​បាន​ទាំង​សម្លឹង​ទៅ​បាល់ ដឹង​ត្រឹម​ខកខាន​ការ​តែត​ត្រង់​ការ​ប្រើប្រាស់​ក្បាល”។

គេ​បន្ត៖ “ខ្ញុំ​អាច​យល់ បើ​ខ្ញុំ​ព្យាយាម​ប្លុក​ការ​ក្រុស​ចូល​នោះ តែ​យ៉ាង​ណា​មិន​អី​ទេ គ្រប់​យ៉ាង​គឺ Gundogan បាន​សង្គ្រោះ​ខ្ញុំ​ឡើង​ហើយ”។ ជា​ការ​ពិត​ប្រកួត​នោះ ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប Ilkay Gundogan ​កាប់​ Volley ពីរ​ជើង​ចូល​ស្អាត​ហួស ផុត​ដៃ​អ្នកចាំទី David de Gea យក​បាន​ជ័យជម្នះ៕

ប្រភព៖ SportBible