គ្រូស្វាយរៀង បង្ហាញទស្សនៈផ្ទាល់ខ្លួន ជុំវិញការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកម្ពុជា
ថ្វីដ្បិតតែបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិអេក្វាទ័រហ្គីណេ និងហ្គីយ៉ាន ក៏ពិតមែន ប៉ុន្តែគ្រូបង្វឹករបស់ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Muñoz បានសរសើរដល់លោក Felix Dalmas និងក្រុមកាងារ ក៏ដូចជាកីទ្បាករ ថាធ្វើបានល្អ គ្រាន់តែត្រូវការពេលវេលាបន្ថែមទៀតប៉ុណ្ណោះ ដើម្បីឱ្យកាន់តែប្រសើរជាងនេះ។
ការប្រកួតមិត្តភាពអន្តរជាតិ FIFA Serie ឆ្នាំ ២០២៤ ដែលធ្វើទ្បើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas បានរងនូវការបរាជ័យ ២ លើកជាប់ៗគ្នា ដោយចាញ់អេក្វាទ័រហ្គីណេ ២-០ និងហ្គីយ៉ាន ៤-១ នៅឯកីទ្បដ្ឋាន Prince Abdullah AlFaisal..។ លទ្ធផលអវិជ្ជមានបែបនេះ ធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជា ហាក់ជាមិនសូវមានភាពរីករាយជាមួយនឹងការដឹកនាំរបស់លោក Felix Dalmas ទ្បើយ ដោយសារលេង ៨ ប្រកួត ឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ និងធ្លាក់ចេញពីវគ្គជម្រុះបឋម FIFA World Cup ឆ្នាំ ២០២៦ បន្ទាប់ពីប្រកួតចាញ់ប៉ាគីស្ថាន ១-០ នៅជើងទី ២..។
យ៉ាងណា ក្រោយពីទទួលរងបរាជ័យ ២ ប្រកួតជាប់ៗខាងលើនេះ លោក Pep Muñoz បានថ្លៃងប្រាប់អង្គភាពសារព័ត៌មាន B8-Sport ថា៖
«ពិតមែនហើយ..! ខ្ញុំបានទស្សនាការប្រកួតទាំង២ កម្រិតនៃការលេងរបស់ក្រុមជម្រើសជាតិកម្ពុជា គឺល្អណាស់។ ក្នុងការប្រកួតទី១ ទល់នឹងក្រុមជម្រើសជាតិអេក្វារទ័រហ្គីណេ... ក្រុមកម្ពុជាលេងបានល្អ ហើយសម្រាប់ការប្រកួតទី២ ពួកគេក៏ត្រូវប្រឈម... ទល់នឹងក្រុម ដែលមានកាយសម្បទាធំៗ ដូចជាហ្គីយ៉ាន។ បើយើងនិយាយពី តារាងចំណាត់ថ្នាក់ FIFA វិញ គឺពិតណាស់ វាខុសប្លែកពីគ្នា។ ក្នុងការប្រកួតភាពមិត្តភាព២ប្រកួត ខាងលើ ក្រុមជម្រើសជាតិកម្ពុជា សុទ្ធសឹងតែមានឱកាសរកគ្រាប់បាល់បញ្ចូលទី។ពួកគេបានបង្ហាញសមត្ថភាពក្នុងកម្រិតដ៍ល្អមួយ... ប៉ុន្តែក្រុមគូប្រជែង គេធ្វើបានល្អប្រសើរជាង នៅក្នុងតំបន់ទាំង២ គឺតំបន់ការពារ និងតំបន់ប្រយុទ្ធ។ ទាំងនេះ ជាទស្សនៈរបស់ខ្ញុំផ្ទាល់»។
លោក Pep ក៏បានរៀបរាប់បន្តទៀតថា៖ «អ្នកគាំទ្រត្រូវដឹង ការប្រកួតកម្រិតអន្តរជាតិបែបនេះ គឺជួបការលំបាកច្រើនប៉ុណ្ណា។ គ្រប់ប្រទេសទាំងអស់ តែងតែទន្ទឹមរង់ចាំជ័យជំនះ... ប៉ុន្តែការបរាជ័យ វាគឺជាផ្នែកមួយ នៃដំណើរការទៅរកភាពជោគជ័យ។ ដូច្នះហើយ ពួកគេត្រូវការលើកទឹកចិត្ត និងពេលវេលាបន្ថែមទៀត។»