សណ្ឋាគារស្លូវេនីមួយបានសម្រេចចិត្តដាក់លក់ដេញថ្លៃ គ្រែរបស់ Cristiano Ronaldo បន្ទាប់ពីគាត់បានទៅកេងនៅទីនោះកាលពីសប្តាហ៍មុន។ Ronaldo បានធ្វើដំណើរទៅកាន់រដ្ឋធានីស្លូវេនី សម្រាប់ការប្រកួតមិត្តភាពដែលព័រទុយហ្គាល់ប្រកួតជាមួយប្រទេសអឺរ៉ុបកណ្តាលកាលពីថ្ងៃទី ២៦ ខែមីនាមុនការប្រកួតអឺរ៉ូរដូវក្តៅនេះ។
ការប្រកួតនេះម្ចាស់ផ្ទះបានយកឈ្នះព័រទុយហ្គាល់ដោយលទ្ធផល ២-០។ គាត់បានស្នាក់នៅសណ្ឋាគារ Grand Plaza ជាមួយក្រុមព័រទុយហ្គាល់ ហើយឥឡូវនេះអ្នកនាំពាក្យបានបញ្ជាក់ថា គ្រែដែលគាត់ដេកនឹងត្រូវដាក់លក់ដេញថ្លៃសម្រាប់កម្មវិធីសប្បុរសធម៌។ អ្នកនាំពាក្យរូបនោះបាននិយាយថា៖ «ដោយសារនេះជាព្រឹត្តិការណ៍ពិសេស និងប្លែកមួយ យើងបានសម្រេចចិត្តរៀបចំការភ្ញាក់ផ្អើលមួយដែលអ្នកគាំទ្រទាំងអស់អាចចូលរួមបាន។យើងមិនដឹងថាពេលណាយើងនឹងមានឱកាសធ្វើជាម្ចាស់ផ្ទះទទួល Ronaldo នៅស្លូវេនីម្តងទៀតនោះទេ។
នៅក្នុងការដេញថ្លៃពិសេសមួយ យើងនឹងផ្តល់ជូនគ្រែដែលតារា Cristiano Ronaldo ដេកនៅកន្លែងរបស់យើង។ យើងសូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងជោគជ័យក្នុងការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ការដេញថ្លៃនឹងត្រូវបានកំណត់នៅតម្លៃដំបូង៥០០០ដុល្លារដោយសណ្ឋាគារនេះសហការជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ POP TV ដើម្បីទទួលបានតម្លៃល្អបំផុតសម្រាប់គ្រែដែលត្រូវបានកាន់កេងដោយកីឡាករ Ronaldo កាលពីប៉ុន្មានថ្ងៃមុន៕
ប្រភព៖ Daily Mail